នាយករដ្ឋមន្ត្រីកម្ពុជា ចង់ឃើញសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត ក្លាយជាសក្តានុពលទាក់ទាញវិនិយោគិនពីអង់គ្លេសបន្ថែមទៀត
(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត កម្ពុជា (DE MONTFORT University Cambodia) នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសចង់ឃើញ សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត ក្លាយជាសក្តានុពលទាក់ទាញវិនិយោគិនពីចក្រភពអង់គ្លេសបន្ថែមទៀតនៅកម្ពុជា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត គឺជាគ្រឹះស្ថានអប់រំ ឧត្តមសិក្សាដ៏ល្បាញល្បីមួយរបស់ចក្រភាពអង់គ្លេស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧០ និងបានធ្វើដំណើរលើវិថីអប់រំ ជាង ១៥០ឆ្នាំមកហើយ។ សាកលវិទ្យាល័យនេះ មាននិស្សិតប្រមាណ ៣៥,០០០ នាក់ កំពុងសិក្សានៅចក្រភពអង់គ្លេស និងតាមបណ្តាសាខានានា នៅក្រៅប្រទេស ។
សម្តេចធិបតី បានបញ្ជាក់ថា នៅថ្ងៃអនាគត សម្ដេច ចង់ឃើញសាកលវិទ្យាល័យ De Montfort ក្លាយជាទីប្រមូលផ្តុំ (hub) និងជាដែកឆក់ (magnet) នៃការវិនិយោគមកពីចក្រភពអង់គ្លេស ដែលជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងធនធានមនុស្ស និង អនាគតអ្នកដឹកនាំ ដែលសាកលវិទ្យាល័យ បានខិតខំបណ្តុះបណ្តាល ជាមួយនឹងតួអង្គទីផ្សារ វិនិយោគិន និង ឧស្សាហកម្មអនាគតរបស់ចក្រភពអង់គ្លេស ។
សម្តេចធិបតី បានបន្តថា De Montort បានសម្រេចជ្រើសរើស ប្រទេសកម្ពុជា ជាគោលដៅ សម្រាប់បើកសាខារបស់ខ្លួន ដោយសារតែសាកលវិទ្យាល័យនេះ បានទទួលស្គាល់ថា ប្រទេសកម្ពុជា ផ្តល់តម្លៃលើវិស័យអប់រំ តាំងពីកម្រិតមូលដ្ឋាន រហូតដល់កម្រិតឧត្តមសិក្សា។ វត្តមាននេះ បង្ហាញពីការទទួលស្គាល់គុណភាពអប់រំ របស់កម្ពុជា និងសមត្ថភាព របស់និស្សិតខ្មែរថា អាចចូលរៀនបាន, ទទួលយកការអប់រំកម្រិតខ្ពស់ និងមានសមត្ថភាពប្រកួតប្រជែង ក្នុងបរិការណ៍នៃស្តង់ដារអប់រំកម្រិតអន្តរជាតិ ។
សម្ដេចនាយករដ្ឋមន្ដ្រី បានបន្ថែមថា សាកលវិទ្យាល័យ De Montfort បានមើលឃើញថា ការអប់រំ កំពុងតែមានឥទ្ធិពលលើការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ខណៈដែលរាជរដ្ឋាភិបាល នៅតែបន្តឥតឈប់ឈរ ក្នុងការពង្រឹងគុណភាព និងបង្កើនសក្ដានុពលរបស់វិស័យអប់រំ ព្រមទាំងលើកកម្ពស់អន្តរជាតិនីយកម្ម ។
សម្ដេច ថា សាកលវិទ្យាល័យនេះ ក៏បានសម្លឹងឃើញថា ប្រទេសកម្ពុជា ពោរពេញទៅដោយយុវជន ដែលប្រកបដោយភាពស្វាហាប់ ព្រមទាំងមានភាពបុរេសកម្ម នៅក្នុងការចូលរួមចំណែកអភិវឌ្ឍខ្លួន ក៏ដូចជា អភិវឌ្ឍសហគមន៍ ដែលពួកគេរស់នៅ ព្រមទាំងសង្គមជាតិ ទាំងមូល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ការវិនិយោគរបស់សាកលវិទ្យាល័យ De Montfort គឺជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដែលមានលក្ខណៈយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។ សម្តេចចង់លើកទឹកចិត្ត ឱ្យសាកលវិទ្យាល័យ De Montfort សហការឲ្យបានជិតស្និទ្ធ ជាមួយនឹងបណ្តាញធុរកិច្ចរបស់ចក្រភពអង់គ្លេស ដើម្បីជំរុញការផ្សាភ្ជាប់ការអប់រំ ជាមួយនឹងទីផ្សារការងារ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ