សម្តេចធិបតី៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់លើការអប់រំ និងការបណ្តុះបណ្តាលដើម្បីបង្កើនធនធានមនុស្ស

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់លើការអប់រំ និងការបណ្តុះបណ្តាលដើម្បីបង្កើនធនធានមនុស្ស ដែលជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេស ដោយបានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត រួមទាំងការដាក់ចេញគោលនយោបាយ និងវិធានគន្លឹះនានា ឱ្យអនុវត្តដើម្បីបង្កើនគុណភាពអប់រំ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព ឈានឆ្ពោះទៅសម្រេចបាននូវគោលដៅប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាមានចំណូលខ្ពស់ឆ្នាំ២០៥០។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងពិធីអញ្ជើញចូលរួមសម្ពោធបើកឱ្យដំណើរការជាផ្លូវការសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា (DE MONTFORT UNIVERSITY CAMBODIA) នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សាកលវិទ្យាល័យ ឌឹ ម៉ុងហ្វត ខេមបូឌា (DE MONTFORT UNIVERSITY CAMBODIA) គឺជាសាកលវិទ្យាល័យដំបូងគេរបស់ចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧០ និងមានប្រវត្តិនៃការបង្រៀនជាង១៥០ឆ្នាំ មាននិស្សិតប្រមាណ ៣៥,០០០នាក់កំពុងសិក្សានៅចក្រភពអង់គ្លេស និងក្រៅប្រទេស មានកម្រិតស្តង់ដារអន្តរជាតិ ដោយមានសាខានៅចក្រភពអង់គ្លេស មជ្ឈិមបូព៌ា (ឌុយបៃ) អាស៊ីបូព៌ា (កាហ្សាក់ស្ថាន) និងបច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ (កម្ពុជា)។ សាកលវិទ្យាល័យ មានបុគ្គលិក និងនិស្សិតមកពីជាង ១៤០ ប្រទេស និងមានកិច្ចព្រមព្រៀងសហការដៃគូ (Progression and Articulation Agreements) ជាមួយនឹងស្ថាប័នជាង ១០០ នៅទូទាំងពិភពលោក៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner