ការបើកសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត នេះ គឺបង្ហាញពីជំនឿទុកចិត្តដ៏រឹងមាំ ចំពោះបរិយា កាសវិនិយោគ និង អំណាចទីផ្សាររបស់កម្ពុជា
(ភ្នំពេញ)៖ ការបើកសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត នៅកម្ពុជា ជាសាខាទី១ នៅអាស៊ីអាគ្នេយ៍ គឺបង្ហាញពីជំនឿទុកចិត្តដ៏រឹងមាំ និងសក្តានុពលពេញលេញរបស់កម្ពុជា ហើយការបើក វិទ្យាល័យនេះ គឺជារឿងអស្ចារ្យម្យ៉ាង ប៉ុន្ដែការធ្វើឱ្យសាកលវិទ្យាល័យនេះ អាចឈរជើងបានយូរអង្វែង និងមាននិរន្តរភាពទៅបាន ទើបជាការប្រសើរដ៏ពិតប្រាកដ ។
នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត កម្ពុជា (DE MONTFORT University Cambodia) នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមើលឃើញថា ស្ថេរភាពនយោបាយ និងការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា គឺជាលក្ខខណ្ឌមួយ ក្នុងចំណោមលក្ខខណ្ឌចាំបាច់មួយចំនួនទៀត ដែលជំរុញឱ្យសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORT) បោះទុនវិនិយោគលើការអប់រំនៅកម្ពុជា ។
សម្តេចធិបតី បានបន្តថា ការវិនិយោគលើសាកលវិទ្យាល័យ ត្រូវការទុនច្រើន ជាពិសេស លើការបំពាក់ហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង។ ដូច្នេះ ការសម្រេចចិត្តវិនិយោគ គឺពិតជាត្រូវការការវាយតម្លៃ ដោយប្រាកដប្រជា និងប្រកបដោយភាពប្រយ័ត្នប្រយែងខ្ពស់ ។

ជាមួយនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានចាត់ទុកការវិនិយោគ របស់សាកលវិទ្យាល័យចក្រភពអង់គ្លេស នៅកម្ពុជា ជាការទទួលស្គាល់ស្ថិរភាពនយោបាយ, ការរីកចម្រើនសេដ្ឋកិច្ច និងសក្តានុពល កំណើនតទៅអនាគតរបស់កម្ពុជា។ ជាពិសេស ការវាយតម្លៃទៅលើអំណាចចាយវាយ (consumption power) របស់ទីផ្សារកម្ពុជា ដែលមានបរិមាណ កាន់តែរីកធំធាត់ឡើង ស្របតាមការអភិវឌ្ឍជឿនលឿននៃសេដ្ឋកិច្ចកម្ពុជា ។
សម្ដេចធិបតី បានថ្លែងដោយសង្កត់ធ្ងន់ថា ការបើក សាកលវិទ្យាល័យបាន គឺជារឿង អស្ចារ្យម្យ៉ាង ប៉ុន្តែការពិនិត្យ លើលទ្ធភាពនៃការបន្តឈរជើងឱ្យបានយូរអង្វែង និង ធានានិរន្តរភាពគ្រប់គ្រង គឺជាបញ្ហាដែលសាកលវិទ្យាល័យ នីមួយៗ ត្រូវពិចារណា ដោយប្រយ័ត្នប្រយែងខ្លាំងណាស់ ទម្រាំគេសុខចិត្តមកបង្កើតសាខា ដែលមាន សំ ណង់អគារ ជារូបវន្តនៅក្រៅប្រទេស។
ដូច្នេះ សម្ដេច គិតថា ការសម្រេចចិត្តរបស់សាកលវិទ្យាល័យ ដោយជ្រើសរើស យកប្រទេសកម្ពុជា ជាទីតាំងបង្កើតសាខាទី១ របស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ គឺជាសក្ខីភាពបញ្ជាក់ពីទំនុកចិត្តដ៏រឹងមាំចំពោះបរិយាកាសវិនិយោគ និង អំណាចទីផ្សាររបស់ប្រទេសកម្ពុជា ៕



អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ