យុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់ សម្តេចធិបតី បង្កើតឡើងដើម្បីគាស់រំលើងឡើងវិញនូវយុទ្ធគុនបុរាណរបស់បុព្វបុរសជូនតាខ្មែរគ្រប់ជំនាន់
(ភ្នំពេញ)៖ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន ប្រកាស អំពីការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់ សម្តេចធិបតី នារសៀលថ្ងៃ ទី៧ ខែ សីហា ឆ្នាំ២០២៤ថា ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី” ជាប្រវត្តិសាស្ត្រនេះ គឺជាគំនិតផ្តួចផ្តើមដំខ្ពង់ខ្ពស់ ប្រកបដោយចក្ខុវិស័យនិងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងគាស់រំលើងឡើងវិញនូវយុទ្ធគុនបុរាណរបស់បុព្វបុរសជូនតា ខ្មែរគ្រប់ជំនាន់ ក្រោមស្មារតី អភិរក្សរដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីអភិរក្ស “មរតកយុទ្ធគុនខ្មែរបុរាណ”។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី លើការរៀបចំការប្រកួតយុទ្ធគុន ចម្រុះខ្មែរបុរាណរួចមក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំលិខិតនាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៨ ស្នើសុំអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីឱ្យសហព័ន្ធកីឡាយុទ្ធគុន ចម្រុះកម្ពុជា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួង ស្ថាប័ន អាជ្ញាធពាក់ព័ន្ធ និង ផ្នែកឯកជន រៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី នេះ។ ដោយព្រឹត្តិការណ៍លើកដំបូងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨ ដល់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អនុប្រធានគណៈកម្មការអចិន្ដ្រៃយ៍គណៈកម្មការចំពោះកិច្ច បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះ ពានរង្វាន់ សម្តេចធិបតីនេះ មានសហព័ន្ធចំនួន៤ចូលរួម មានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ប្រដាល់គុនខ្មែរ, គុនល្បុក្កតោ និងយុទ្ធក្រមខម ដោយគោរពតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី គឺបើកជំហរដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ទម្រង់ គ្រប់ប្រភេទ ចូលរួមការប្រកួតដោយសេរី ទាំងលើវិញ្ញាសាប្រយុទ្ធ ដែលបែងចែកជា ២ គឺប្រកួតលក្ខណៈអាជីព និងស្ម័គ្រចិត្ត និងវិញ្ញាសាសម្ដែងមេគុន ។

ពាក់ព័ន្ធនឹងការចូលរួមនេះ ឯកឧត្តមបានពន្យល់អំពីបទបញ្ជាការប្រកួត ដើម្បីបញ្ជ្រាបការយល់ដឹងដល់គ្រប់ភាគីពាក់ព័ន្ធចូលរួម បន្ទាប់ពីគណៈកម្មការបានរៀបចំនូវបទបញ្ជាបច្ចេកទេសការប្រកួតរួមមួយ ដែលមានលក្ខណៈវិទ្យាសាស្ដ្រកីឡា ។ ដើម្បីធានាដល់ការប្រកួតនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ ឯកឧត្តម បានគូសបញ្ជាក់ទៀតថា មុននឹងការប្រកួតមកដល់យើងនឹងរៀបចំវគ្គបណ្ដុះបណ្ដាលបញ្ជ្រាបចំណេះដឹងបទបញ្ជាការប្រកួតដល់គ្រប់ភាគីពាក់ព័ន្ធផងដែរ ។

ឯកឧត្តម បានអះអាងថា ចំពោះប្រាក់រង្វាន់ គណៈកម្មការកំពុងនឹងធ្វើការស្នើសុំជាគោលការណ៍ឱ្យមានប្រាក់រង្វាន់ដ៏សមរម្យមួយ មិនចាញ់ការប្រកួតពានរង្វាន់ តាមសង្វៀនទូរទស្សន៍នោះទេ ។ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវ និងលើកទឹកចិត្តដល់អ្នកហាត់ក្បាច់គុនបុរាណខ្មែរទាំងអស់ ពិសេចាស់ព្រឹទ្ធាចារ្យទូទាំងប្រទេស សូមចុះឈ្មោះចូលរួមឲ្យបានច្រើន មិនថា វិញ្ញាសាប្រយុទ្ធ ឬវិញ្ញាសាសម្ដែង ដែលអនុញ្ញាតឲ្យចុះឈ្មោះពីអាយុ ១៥ឆ្នាំ រហូតដល់អាយុ ៧០ឆ្នាំ ដើម្បីបង្ហាញពីការចូលរួមផ្សព្វផ្សាយនូវក្បាច់គុនបុរាណខ្មែរ នៅតាមសគមន៍ដែលមិនធ្លាប់បានឃើញ មិនធ្លាប់បានលឺពីមុនមក ដើម្បីចូលរួមអភិរក្ស និងអភិរក្សនូវក្បាច់គុនមរកតដូនតាខ្មែរទាំងអស់គ្នា ក៏ដូចជាជំរុញការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យលើកដំបូងនេះ ឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ប្រកបដោយគុណភាព និងគុណផល សម្រាប់មោទនភាពជាតិទាំងមូល ៕


ដោយ ៖ ជាវ ចន្ធូ