ប្រធានសហព័ន្ធកីឡាបេសប្បល និងសុហ្វបលកម្ពុជា ចាប់យកការផ្សព្វផ្សាយតាមសាលារៀនជាគោលដៅអភិវឌ្ឍកីឡាបេសប្បល
(ភ្នំពេញ)៖ លោក ឆែម ដារ៉ា ប្រធានសហព័ន្ធកីឡាបេសប្បលនិងសុហ្វបលកម្ពុជា បានអះអាងថា កក្តាដែលសហព័ន្ធកីឡាបេសប្បល និងសុហ្វបលកម្ពុជា បង្កើត កិច្ចសហការជាមួយសកលវិទ្យាល័យបូណាម៉ារី ដោយជ្រើសរើសទីតាំងសកលវិទ្យា ល័យ ជាកន្លែងរៀបចំការប្រកួត កីឡាបេសប្បលហ្វាយមិត្តភាពនេះ ក្នុងគោលបំណងបង្ហាញផ្សព្វផ្សាយ ដល់សិស្សនិស្សិតឱ្យងាកមកចាប់អារម្មណ៍ និងចង់ក្លាយជាកីឡាករកីឡាការិនី។
លោក បានគូសបញ្ជាក់ទៀតថា សាលារៀនគឺជាជង្រុកនៃធនធានកីឡាករកីឡាការិនី ជាគោលដៅដែល សហព័ន្ធចង់បាន ព្រោះកីឡាបេសប្បលហ្វាយអាចរីកលូតលាស់បាននៅកម្ពុជា និងអាចឆ្ពោះទៅរកសក្តានុពលនៃការប្រជែងមេដាយបានពីឆាកអន្តរជាតិ គឺពឹងផ្អែកលើទំពាំងស្នងឬស្សីជាធនធានសំខាន់ចេញពីសាលារៀន ។
ដោយឡែក លោក ស្វាយ ធីរិទ្ធ ទីប្រឹក្សាសាកលវិទ្យាល័យបូណាម៉ារី (BMU) បានថ្លែងបញ្ជាក់ដែរថា អ្វីដែលជំរុញឱ្យសកលវិទ្យាល័យចាប់ដៃសហកាជាមួយសហព័ន្ធកីឡាបេសប្បលនិងសុហ្វបលកម្ពុជា នាំយកប្រភេទកីឡាបេសប្បលហ្វាយមកផ្សព្វផ្សាយនាពេលនេះ គឺដោយសារប្រភេទកីឡាថ្មីមួយនេះ បានបង្ហាញអំពីសាមគ្គីភាពមិត្តភាពជាក្រុម ពិសេស គឺផ្តល់នូវសមភាពយ៉េនឌ័រល្អខុសពីកីឡាផ្សេងៗ។ទន្ទឹមជាមួយគ្នានេះដែរ លោក ក៏បានបង្ហើបអំពីគម្រោងនៃការបង្កើតក្រុមចំនួន ២ប្រចាំសកលវិទ្យាល័យ ជាចលនាគាំទ្រលើកកម្ពស់វិស័យកីឡាបេសប្បលហ្វាយផងដែរ។
សូមបញ្ជាក់ថា តាមការគ្រោងទុកសាកលវិទ្យាល័យបូណាម៉ារី (BMU)តាមរយៈកិច្ចសហការភាពជាដៃគូជាមួយសហព័ន្ធកីឡាបេសប្បលនិងសុហ្វបលកម្ពុជា នឹងផ្តល់ការគាំទ្រ ដោយផ្តល់នូវអាហាររូបករណ៍ចំនួន៦កន្លែងសម្រាប់កីឡាករកីឡាករការិនី ក្នុងព្រឹត្តិការណ៍ប្រកួតបេស្បលហ្វាយលីគលើកទី១ នៅក្នុងពហុកីឡដ្ឋានជាតិ ដែលចាប់ផ្តើម នៅថ្ងៃទី២២និង២៣ ខែ សីហា ឆ្នាំ២០២៤។ ការផ្តល់ជូនជាអាហាររូបករណ៍ គឺមានរយៈពេល៤ឆ្នាំពេញដែលមានកញ្ចប់ថវិកាទំហំ ២៨៨០០ដុល្លារ ជាការចូលរួមលើកម្ពស់ធនធានចំណេះដឹងក្នុងវិស័យកីឡាបេស្បលហ្វាយ៕
រូបភាព និងអត្ថបទ៖ជាវ ចន្ធូ