ករណីគ្រោះរញ្ជួយដីនៅជប៉ុន៖ រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ប្រាប់ឱ្យពលករខ្មែរស្តាប់ការណែនាំរបស់អាជ្ញាធររបស់ជប៉ុន
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តម ហេង សួរ បានរំលឹកដល់ពលរដ្ឋខ្មែរ និងពលករដែលកំពុងស្នាក់នៅក្នុងខេត្តជាប់ឆ្នេរសមុទ្រទាំងប្រាំឱ្យស្តាប់ការណែនាំរបស់អាជ្ញាធរជប៉ុន។ការរំលឹកនេះខណៈទីភ្នាក់ងារឧតុនិយមជប៉ុននៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះបានជូនដំណឹងថា មានគ្រោះរញ្ជួយដីកម្រិត៦រ៉ិចទ័រដែលអាចបង្កឱ្យមានហានិភ័យនៃរលកយក្សស៊ូណាមិនៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្តចំនួនប្រាំ។
ខេត្តទាំងប្រាំនោះមាន ខេត្ត គូជី(Kochi), ខេត្ត មីយ៉ាហ្សាគី(Miyazaki), ខេត្ត អូអ៊ីតា(Oita), ខេត្ត កាហ្គូស៊ីម៉ា(Kagoshima) និងខេត្ត អេហ៊ីម៉េ(Ehime)។លើតាមបណ្តាញសង្គមផ្លូវការនៅរសៀលថ្ងៃទី៨ ខែសីហា នេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានរំលឹកថា “សូមបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានក្នុងករណីមានការជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ហើយប្រសិនបើបងប្អូនបានទទួលព័ត៌មានអំពីករណីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន Royal Embassy of Cambodia in Japan ឬ 080 4689 9374”។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជូនពរឱ្យបងប្អូនទាំងអស់គ្នាជួបសុខសុវត្ថិភាព ចៀសផុតពីគ្រោះធម្មជាតិនេះផងដែរ។
គួរបញ្ជាក់ថា យោងតាមការផ្សព្វផ្សាយរបស់ទីភ្នាក់ងារឧតុនិយមជប៉ុននៅរសៀលថ្ងៃទី៨ ខែសីហានេះបានជូនដំណឹងថា មានគ្រោះរញ្ជួយដីកម្រិត៦រ៉ិចទ័រដែលអាចបង្កឱ្យមានហានិភ័យនៃរលកយក្សស៊ូណាមិនៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត គូជី(Kochi), ខេត្ត មីយ៉ាហ្សាគី(Miyazaki), ខេត្ត អូអ៊ីតា(Oita), ខេត្ត កាហ្គូស៊ីម៉ា(Kagoshima) និងខេត្ត អេហ៊ីម៉េ(Ehime)៕
ដោយ ៖ង៉ាន់ ទិត្យ