ប្រធានអាជ្ញាធរអេដស៍អំពាវនាវឱ្យអ្នកសារព័ត៌មានជួយទប់ស្កាត់ការឆ្លងរាលដាលមេរោគអេដស៍នៅកម្ពុជា

ភ្នំពេញ: ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអំពាវនាវដល់អ្នកសារព័ត៌មាន បន្តចូលរួមផ្សព្វផ្សាយឱ្យកាន់តែសកម្មអំពីហានិភ័យនៃមេរោគអេដស៍ និងជួយផ្សព្វផ្សាយលើកទឹកចិត្តឱ្យអ្នកសង្ស័យទៅធ្វើតេស្តរកមេរោគអេដស៍។

ថ្លៃងក្នុងសិក្ខាសាលាជាមួយបណ្តាញសារព័ត៌មានស្តីពីស្ថានភាព និងការចូលរួមឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជា នៅសណ្ឋាគារភ្នំពេញ នៅថ្ងៃទី០៨ ខែសីហានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ថា កម្ពុជាជាប្រទេសដែលទទួលបាននូវការទទួលស្គាល់ពីអង្គការយូអិនអេដស៍ថា ឈរនៅលំដាប់កំពូល ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ិក។

ឯកឧត្តមបន្តថា ជោគជ័យរបស់កម្ពុជា គឺដោយសារមានសសរស្តម្ភ៣សំខាន់៖ ភាពជា អ្នកដឹកនាំ ឬភាពជាម្ចាស់, ភាពជាដៃគូ និង ការវិនិយោគ។ នៅក្នុងភាពជាអ្នកដឹកនាំ ឬភាពជាម្ចាស់ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាតិក្នុងឆ្លើយតបជាពហុវិស័យ និងផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ចីរភាពនៃការឆ្លើយតប។

ជាពិសេសក្នុងខែមីនា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ផងដែរ។ ឯកឧត្តមបន្ថែមថា ចំពោះភាពដៃគូ យើងបានសហការគ្នាជាមួយម្ចាស់ជំនួយដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិលធ្វើការឆ្លើយតបព្រមគ្នា។ ចំណែកឯការវិនិយោគវិញ រាជរដ្ឋាភិបាលបានចូលរួមចំណែកទិញ ឱសថប្រឆាំងនឹងមេរោគអេដស៍តាំងពីឆ្នាំ២០១៥មក ព្រមទាំងផ្តល់ការគាំទ្របុគ្គលិកជាប់កិច្ចសន្យាផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានបញ្ជាក់ទៀតថា តាមរយៈការចូលរួមក្នុងវេទិកាអន្តរជាតិក្នុងខែមិថុនា និងកក្កដាកន្លងទៅថ្មីៗនេះ កម្ពុជាបានបង្ហាញជូនអង្គការយូអិនអេដស៍ពីគោលនយោបាយជាតិ បញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដែលបានដាក់ចេញដោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។ ទន្ទឹមនឹងនេះអង្គការយូអិនអេដស៍ បានទទួលស្គាល់ថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ីប៉ាស៊ីហ្វ៊ិក ក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ផងដែរ។ ក្នុងនោះគោលដៅ៩៥-៩៥-៩៥ កម្ពុជាសម្រេចបាន ៨៩-៩៨-៩៨។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា បើតាមតួលេខចុងក្រោយ អ្នកឆ្លងមេរោគអេដស៍ថ្មីនៅកម្ពុជាមានចំនួន ១.២០០នាក់ក្នុងឆ្នាំ២០២៣ ខណៈដែលនៅកម្ពុជាមានអ្នកឆ្លងមេរោគអេដស៍សរុប ៧៦,០០០ម៉ឺននាក់ ក្នុងនោះមានអ្នកមិនទៅទទួលសេវាព្យាបាល (លាក់មុខ) មានរហូតទៅដល់ ៨,០០០នាក់ ដែលជាអត្រាគួរឱ្យព្រួយបារម្ភ។ នាឱកាសនោះដែរ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានមានប្រសាសន៍ថា កម្ពុជាត្រូវបានទទួលស្គាល់ ជាប្រទេសដែលទទួលបានជោគជ័យ ក្នុងកាងារប្រយុទ្ធនឹងជំងឺអេសដ៍។

លោកវេជ្ជបណ្ឌិតបន្តថា ក្នុងនោះ ៩០ភាគរយ នៃអ្នកផ្ទុកមេរោគអេដស៍កំពុងទទួលបានការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ តែចំនួននៃការឆ្លងមេរោគអេដស៍ថ្មី ជាពិសេសក្នុងចំណោមយុវជនវ័យក្មេង និងការស្លាប់ដោយសារជំងឺអេដស៍នៅតែជាការព្រួយបារម្ភ ដែលយើងទាំងអស់គ្នាត្រូវផ្តោតការយកចិត្តទុកដាក់ និងចូលរួមប្រយុទ្ធទប់ស្កាត់ឱ្យសកម្មបំផុត។ លោកវេជ្ជបណ្ឌិតបន្ថែមថា ការរើសអើង និងការមាក់ងាយនៅគ្រប់ទម្រង់ចំពោះអ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រឈមមុខនៅតែ មានបន្ត ដែលជាឧបសគ្គចម្បងសម្រាប់ការឆ្លើយតបនឹងមេរោគអេដស៍ផងដែរ៕ អត្ថបទ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner