សម្តេចរដ្ឋសភាធិបតី ៖ វប្បធម៌ សិល្បៈ ជាដួងព្រលឹងជាតិ និងជាច្រករបៀងភ្ជាប់ទំនាក់ទំនងកម្ពុជាទៅកាន់ពិភពលោក
ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបសំណេះសំណាល ជាមួយគណៈប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នៅវិមាន រដ្ឋសភាកាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។
ក្នុងឱកាសនេះសម្តេចប្រធានរដ្ឋសភាបានសម្តែងនូវការអបអរសាទរចំពោះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលទទួលបាន ការបោះឆ្នោតជ្រើសតាំងធ្វើជាប្រធានសមាគមនៅក្នុងអាណត្តិទី៦នេះ។ជាមួយគ្នានេះសម្តេចបានថ្លែងអំណរគុណដល់ស្ថាបនិក ថ្នាក់ដឹកនាំ សិល្បករសិល្បការី ទំាងអស់ ដែលបានបង្កើត និងដឹកនាំសមាគមសិល្បករខ្មែរ នៅក្នុងបុព្វហេតុមនុស្សធម៌ និងការចូល រួមអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ សិល្បៈ ដែលជាដួងព្រលឹងរបស់ជាតិ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងកោតសរសើរដល់សមាគមសិល្បករខ្មែរ ដែលបានធ្វើសកម្មភាពមនុស្សធម៌ និងការជួយសង្គម ដូចជា កុមារ ស្ត្រីចាស់ជរា ជនពិការ ក៏ដូចជាការចូលរួមលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ជាពិសេសការជួយឧបត្ថម្ភគំាទ្រដល់សិល្បករសិល្បការិនី ចាស់ជរា និងមានជំងឺ ដែលសកម្មភាពនេះជាកាយវិការដ៏ប្រពៃថ្លៃថ្លា មិនត្រឹមជាសកម្មភាពមនុស្សធម៌ប៉ុណ្ណោះទេ តែជាការលើកកម្ពស់ថែរក្សានូវមរតករស់ ដែលជាធនធានដ៏មានតម្លៃ ពោរពេញដោយបទពិសោធន៍របស់សង្គមជាតិ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើង គ្រប់ជាតិសាសន៍លើសកលលោកកំពុងផ្តោតការយកចិត្តទុកដាក់អំពីវប្បធម៌ ធ្វើជាច្រករបៀងសំខាន់នៅក្នុងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជាតិនីមួយៗ ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬពណ៌សម្បុរ។ ក្នុងន័យនេះ សិល្បៈជាស្ពានភ្ជាប់ទំនាក់ទំនងបុគ្គលនិងបុគ្គល ដោយមិនបាច់ប្រើភាសា និងជាការទូតដ៏មានប្រសិទ្ធភាពផងដែរ សំដៅបម្រើផលប្រយោជន៍ប្រទេសនិងប្រជាជន។
សូមជម្រាបថា សមាគមសិល្បករខ្មែរបានបង្កើតឡើងនៅឆ្នាំ២០០៦ ដែលមានបុព្វហេតុដើម គឺការប្រមូលផ្តុំនិងចងក្រងសិល្បករជាក្រុម ដើម្បីជួយទ្រទ្រង់និងគំាទ្រគ្នាទៅវិញទៅមក។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានជម្រាបសម្ដេចរដ្ឋសភាធិបតីថា ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ និងការយកចិត្តទុកដាក់ពីសំណាក់ឥស្សរជនជាន់ខ្ពស់ជាតិ មានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សមាគមបានពង្រីកនិងធ្វើសកម្មភាពកាន់តែច្រើនឡើង ក្នុងទស្សនៈវិស័យច្បាស់លាស់ ដើម្បីលើកកម្ពស់វប្បធម៌ជាតិ ធ្វើសកម្មភាពមនុស្សធម៌ ការអប់រំផ្សព្វផ្សាយ ជូនពលរដ្ឋពីបញ្ហាសីលធម៌សង្គម សុជីវធម៌ ទេសចរណ៍ និងការប្រយុទ្ធប្រឆំាងគ្រឿងញៀន ជំងឺអេដស៍ និងថ្មីៗនេះ ការផលិតវីដេអូអំពីការអបអរសាទរមហាព្រឹត្តិការណ៌បើកការដ្ឋានព្រែកជីកហ្វូណនតេជោ និង គម្រោង “ស្នាមញញឹម” ជាដើម។
លោកជំទាវអ្នកឧកញ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាមានតម្លៃទទួលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមនាឱកាសនេះ ព្រមទាំងបានផ្តល់នូវអនុសាសន៍ល្អៗ ៕
ដោយ៖ ហេង សម្បត្តិ