Nissan ត្រៀមផលិតឡានអគ្គិសនីកូនកាត់នៅថៃ
បាងកក: ក្រុមហ៊ុនផលិតឡានជប៉ុន Nissan Motor Thailand បានប្រកាសនឹងផលិតឡានអគ្គិសនីកូនកាត់ (HEV) នៅក្នុងប្រទេសថៃ បន្ទាប់ពីក្រុមប្រឹក្សាវិនិយោគ (BoI) ចាប់ផ្តើមផ្តល់កញ្ចប់លើកទឹកចិត្តវិនិយោគដើម្បីលើកកម្ពស់ការផលិតឡានអគ្គិសនីកូនកាត់ (HEV)។
ក្រុមប្រឹក្សាវិនិយោគថៃ (BoI) បានឱ្យដឹងថា ក្រុមហ៊ុនផលិតឡាននឹងអាចទទួលបានការលើកទឹកចិត្តនេះ តាមរយៈការកាត់បន្ថយពន្ធគយ ប៉ុន្តែតម្រូវឱ្យបោះវិនិយោគយ៉ាងហោចណាស់ជាង ៨៤លានដុល្លារ ដើម្បីផលិតឡានអគ្គិសនីកូនកាត់ (HEVs) ក្នុងស្រុក។
ក្រុមហ៊ុន Nissan បង្ហើបឱ្យដឹងថា ទឹកប្រាក់វិនិយោគរបស់ខ្លួនគួរតែច្រើនជាង ៨៤លានដុល្លារ។ លោក Toshihiro Fujiki ប្រធានទើបតែងតាំងថ្មីរបស់ក្រុមហ៊ុន Nissan Motor Thailand បាននិយាយថាក្រុមហ៊ុនកំពុងពិចារណាថាតើរថយន្តម៉ូដែលណានឹងត្រូវផលិតនៅក្នុងប្រទេសថៃ។
Nissan គ្រោងនឹងផលិតឡានអគ្គិសនីកូនកាត់ (HEVs) នៅក្នុងរោងចក្រមួយនៅខេត្ត Samut Prakan។ នៅឆ្នាំ ២០២៤ Nissan បានព្យាករណ៍ថាការលក់ឡានសរុបនៅថៃ នឹងមានចន្លោះពី ៦៤០,០០០គ្រឿង ទៅ៦៥០,០០០គ្រឿង៕
ប្រភព៖ បាងកកប៉ុស្តិ៍ ប្រែសម្រួលដោយ៖ ឈឹម ទីណា