មនុស្សដើរលែងតិច Airbnb ធ្លាក់ចុះទាំងចំណូល និងភាគហ៊ុន
វ៉ាស៊ីនតោន: ក្រុមហ៊ុនផ្តល់សេវាកម្មជួលផ្ទះ និងកក់ការស្នាក់នៅលើប្រព័ន្ធអនឡាញដ៏ល្បីល្បាញ Airbnb នេះ បានរាយការណ៍ពីប្រាក់ចំណូលធ្លាក់ចុះជាងការរំពឹងទុកនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ហើយបានព្រមានថា ខ្លួនកំពុងមើលឃើញសញ្ញាថយចុះតម្រូវការរបស់អតិថិជន ជាពិសេសប្រជាជនអាមេរិក។
ក្រុមហ៊ុន Airbnb បានរាយការណ៍ពីប្រាក់ចំណូលសុទ្ធចំនួន ៥៥៥លានដុល្លារ ឬ ៨៦សេនក្នុងមួយហ៊ុន ធ្លាក់ចុះ ១៥ភាគរយ នៅក្នុងត្រីមាសទី២បើធៀបនឹងត្រីមាសទី១ មានចំនួន ៦៥០លានដុល្លារ ឬ ៩៨សេនក្នុងមួយហ៊ុន។ ចំណែកចំណូលវិញធ្លាក់ចុះ ១៤%។
ក្រុមហ៊ុន Airbnb និយាយថា អ្នកកក់កន្លែងស្នាក់នៅ កក់រយៈពេលតិចជាងមុន ហើយចំនួនភ្ញៀវក៏តិចជាងមុនដែលជាមូលហេតុចម្បងនៃការធ្លាក់ចុះចំណូល។
យ៉ាងណាក៏ដោយ ក្រុមហ៊ុន Airbnb រំពឹងថាប្រាក់ចំណូលរបស់ខ្លួន នៅត្រីមាសទី៣ នឹងកើនឡើងវិញដល់ ៣.៧៣ពាន់លានដុល្លារ ដោយអ្នកទេសចរនៅអាស៊ីប៉ាស៊ីហ្វិក និងអាមេរិកឡាទីននាំមុខ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Airbnb ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៧ ដោយជនជាតិអាមេរិកកាំង វ័យ ៤៣ឆ្នាំ លោក Brian Joseph Chesky។
បច្ចុប្បន្ន Airbnb មានម្ចាស់ផ្ទះ សណ្ឋាគារ និងអាគារស្នាក់នៅសរុបជាង 5 លាន នៅទូទាំងពិភពលោក។ កន្លែងស្នាក់នៅទាំងនោះមាននៅក្នុងទីក្រុងជាង 100,000 នៅទូទាំងពិភពលោក។ Airbnb មានអ្នកប្រើប្រាស់ជាង150 លាននាក់ដែលបានកក់កន្លែងស្នាក់នៅជាង 1.5 ពាន់លានដង។ នេះបើយោងតាមការSerach Logistics។ កន្លែងស្នាក់នៅក្នុងប្រទេសកម្ពុជាជាច្រើនក៏មានក្នុងវេទិកា Airbnb ផងដែរ។
ដើម្បីពង្រឹងគុណភាព ក្រុមហ៊ុននេះ បានដកចេញកន្លែងស្នាក់នៅដែលមានគុណភាពចំនួន 200,000 កាលពីឆ្នាំមុន។
ប្រភព៖ CNBC ប្រែសម្រួលដោយ៖ ឈឹម ទីណា