អាគារខ្ពស់បំផុតជំនាន់ចុងក្រោយ នឹងបំពាក់បច្ចេកវិទ្យាស្តុកទុកថាមពលកកើតឡើងវិញ
ឌូបៃ: នាពេលឆាប់ៗខាងមុខនេះ អាគារខ្ពស់ៗជំនាន់ក្រោយនៅទូទាំងពិភពលោក នឹងត្រូវបានសាងសង់ឡើង ដោយបំពាក់បច្ចេកវិទ្យាស្តុកទុកថាមពលកកើតឡើងវិញ ដើម្បីដោះស្រាយការខ្វះខាតអគ្គិសនី។
កាលពីចុងខែឧសភា ក្រុមហ៊ុន Skidmore, Owings & Merrill (SOM) ដែលជាក្រុមហ៊ុនស្ថាបត្យកម្ម និងវិស្វកម្ម នៅពីក្រោយការសាងសង់អគារខ្ពស់បំផុតមួយចំនួនរបស់ពិភពលោក បានប្រកាសភាពជាដៃគូជាមួយក្រុមហ៊ុនស្តុកថាមពល Energy Vault ដើម្បីបង្កើតដំណោះស្រាយសាងសង់អគារខ្ពស់ៗ ដែលអាចមានសមត្ថភាពស្តុកទុកថាមពលបាន។
គម្រោងសាងសង់អគារ Superstructure របស់ក្រុមហ៊ុន SOM និងEnergy Vault ដែលអាចមានកម្ពស់ពី ៣០០ ទៅ ១,០០០ម៉ែត្រ នឹងមានរចនាសម្ព័ន្ធខាងក្នុងជាប្រឡោះៗ ស្រដៀងគ្នានឹងជណ្តើរយន្តឡើងចុះដើម្បីបំពាក់បច្ចេកវិទ្យាស្រូបពន្លឺព្រះអាទិត្យ។
នាយកប្រតិបត្តិក្រុមហ៊ុន Energy Vault លោក Robert Piconi បានប្រាប់ទូរទស្សន៍ CNN ថា ក្រុមហ៊ុន Energy Vault និង SOM មានទំនុកចិត្តថា ដំណោះស្រាយរបស់ពួកគេ គឺអាចដំណើរការបានក្នុងអគារពាណិជ្ជកម្ម។
ឥឡូវនេះ ក្រុមហ៊ុន SOM និង Energy Vault កំពុងស្វែងរកដៃគូអភិវឌ្ឍន៍ដើម្បីប្រែក្លាយគំនូសព្រាងរបស់ពួកគេឱ្យក្លាយជាការពិត។
កន្លងមក ក្រុមហ៊ុន Energy Vault បានបញ្ចប់គម្រោងមួយក្នុងប្រទេសចិនរួចហើយ ដោយខ្លួនបាននិយាយថា ជាទីតាំងប្រព័ន្ធស្តុកទុកថាមពលបំប្លែងពីវារីអគ្គិសនី ខ្នាតពាណិជ្ជកម្មដំបូងគេរបស់ពិភពលោក។ អគារនោះមានកម្ពស់ ១៥០ម៉ែត្រ មានសមត្ថភាពផ្ទុកថាមពលទំហំ ១០០មេហ្គាវ៉ាត់ម៉ោង សាងសង់ឡើងក្នុងគោលបំណងរក្សាទុកថាមពលទាំងស្រុង ដោយមិនមានអ្នករស់នៅទេ។
ប្រសិនបើពិភពលោកចង់ឈានដល់ការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ២០៥០ ការស្តុកទុកថាមពល នឹងត្រូវបង្កើនបន្ថែមទៀត។ នេះបើយោងតាមសមាគមថាមពលអន្តរជាតិ។
ថ្មលីចូម អ៊ីយ៉ុង (Lithium-ion) ដែលពេញនិយមសម្រាប់ឡានអគ្គិសនីមិនអាចជួយដោះស្រាយផលប៉ះពាល់បរិស្ថានតែម្នាក់ឯងបានទេ។ ដូច្នេះការប្រើប្រាស់ថាមពលកកើតឡើងវិញ នឹងជួយកាត់បន្ថយការបញ្ចេញកាបូននៃអគារខ្ពស់ៗ។ សព្វថ្ងៃនេះ វិស័យសំណង់ និងអគារបានរ៉ាប់រងស្ទើរតែ៤០ភាគរយ នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ទូទាំងពិភពលោក៕
ប្រភព៖ CNN ប្រែសម្រួលដោយ៖ ឈឹម ទីណា