រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តឱ្យសិល្បៈករ សិល្បៈការិនី ចូលរួមផ្សព្វផ្សាយ អំពីផលប៉ះពាល់ពីគ្រឿងញៀនដល់សាធារណៈជន
ភ្នំពេញ៖ សិល្បៈករ សិល្បៈការិនី យើងត្រូវចេះប្រើប្រាស់វេទិការ ឬបណ្តាញផ្សព្វផ្សាយឯកជនរបស់ខ្លួន ដើម្បីអប់រំអំពីផលប៉ះពាល់នៃគ្រឿងញៀន។ ត្រូវធ្វើអ្វីៗដើម្បីជួយឱ្យពលរដ្ឋរបស់យើងចៀសផុតពីគ្រឿងញៀន ដែលបំផ្លាញសង្គម បំផ្លាញគ្រួសាររបស់ពួកគាត់។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំស្តីពីគ្រឿងញៀន។
ក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈ នៃការយោគយល់ រវាង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមហ៊ុនហង្សមាស គ្រុប ស្តីពីកិច្ចសហប្រតិបត្តិការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារ ផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដោយសារគ្រឿងញៀន រសៀលថ្ងៃទី ០៨ ខែ សីហា ឆ្នាំ២០២៤ នាស្ថានីយ៍វិទ្យុ និងទូរទស្សន៍ហង្សមាស ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានឱ្យដឹងថា ៖ ”ទាំងផលិតករ ទាំងសិល្បៈករសូមចូលរួមក្នុងការផលិត ឬជាស្បតអប់រំដើម្បីផ្សព្វផ្សាយ ។ ក្រសួងព័ត៌មាននឹងជួយជំរុញឱ្យបណ្តាញសារព័ត៌មានផ្សេងៗទាំងទូរទស្សន៍ វិទ្យុ វើបសាយជាដើមជួយផ្សព្វផ្សាយបន្ត។ខ្ញុំសុំឱ្យការប្រគុំតន្រ្តីធំៗ ប្រដាល់ ឬកម្មវិធីផ្សេងៗទៀតជួយផ្សព្វផ្សាយ និងបញ្ជ្រាបការអប់រំពីគ្រោះថ្នាក់កើតចេញពីគ្រឿងញៀននេះ” ។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែង ឱ្យដឹងដែរថាគិតត្រឹមរយៈពេល២២០ថ្ងៃ នៃយុទ្ធនាការបង្ក្រាបរួមទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែមករា ២០២៤ ដល់ថ្ងៃ៧ ខែសីហា ឆ្នាំ២០២៤ មានចំនួន ៦៤៥៥ករណី ឃាត់មនុស្សបាន ១៦០៤២នាក់ ស្រី ១២៧៧នាក់ ចាប់បានសារធាតុញៀនគ្រប់ប្រភេទចំនួនជាង៥តោន គីមីផ្សំមានចំនួន ២២៧គីឡូក្រាម កញ្ឆារស្ងួត ៦២គីឡូក្រាម និងកញ្ឆារស្រស់ជាង ៦ពាន់ដើម។
ឯកឧត្តមបានបន្តថា ប្រមុខរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការ ” សម្អាតចកក្នុងបឹង ” គឺលប់បំបាត់ឱ្យអស់នៅក្នុងសង្គម តាមរយៈ ការតេស្តរកសារធាតុញៀន នៅក្នុងជួរមន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចទាំងបីស្ថាប័ន ដោយបានធ្វើតេស្ត ចំនួន ១០០៩៣១នាក់ មានវិជ្ជមាន ៩៨នាក់ ត្រូវបានបណ្តេញចេញពីក្រមខ័ណ្ឌ ៨៩នាក់ និង ៨នាក់ កំពុងអនុវត្តតាមច្បាប់ ។
អ្នកឧញ៉ា អ៊ឹង ឆៃងួន អគ្គនាយកក្រុមហ៊ុនហង្សមាស គ្រុប លើកឡើងថា ៖ កិច្ចសហការគ្នាក្នុងការផ្សព្វផ្សាយរវាងហង្សមាស និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរ ក្នុងការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយ តាមរយៈហង្សមាស ក្នុងការផ្សព្វផ្សាយទប់ស្កាត់ ការលក់ដូរ និងប្រើប្រាស់គ្រឿងញៀន ។ នាពេលកន្លងមក ក្នុងកម្មវិធីនានារបស់ហង្សមាស ទាំងកម្មវិធីសិល្បះ ព័ត៌មាន ហង្សមាស តែងតែ ផ្សព្វផ្សាយជានិច្ច ក្នុងការបញ្ជ្រាបសារអប់រំ ស្តីពីបញ្ហាគ្រឿងញៀន។
ក្នុងនាមហង្សមាស អ្នកឧញ៉ា សូមចូលរួមគាំទ្រ ដល់វិធានការរបស់រដ្ឋភិបាល ដែលបានដាក់ចេញក្នុងការលប់បំបាត់បញ្ហាគ្រឿងញៀន ឱ្យអស់នៅកម្ពុជា។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងដែរថា គ្រឿងញៀនភាគច្រើនឆ្លងចូលមកប្រទេសកម្ពុជា តាមរយៈដីគោក ប្រមាណ ៥៦ភាគរយ តាមផ្លូវទឹក ៨ភាគរយ ផ្លូវអាកាស ១០ភាគរយ កញ្ចប់ប្រៃសណីយ៍ប្រមាណ ២០ភាគរយ និងការកែច្នៃក្នុងប្រទេសប្រមាណ ១០ភាគរយ ។តាមការប៉ាន់ប្រមាណ យុវជនជាង២ ម៉ឺន ទៅ៣ម៉ឺននាក់ បាននិងកំពុងរងឥទ្ធិពលពីគ្រឿងញៀន ។ ដោយឡែកសម្រាប់ក្រុមមនុស្សរងគ្រោះពីគ្រឿងញៀនកើតឡើងដោយសារ ៣ចំណុចសំខាន់ៗគឺការចង់សាក,ទី២ចាញ់បោកគេឱ្យប្រើប្រាស់ និងទី ៣ចាប់បង្ខំតែម្តង ៕
ដោយ៖ម៉ាដេប៉ូ