អ៊ុយក្រែនស្នើឱ្យម៉ិកស៊ិកចាប់ខ្លួនលោក ពូទីន
គៀវ៖ ស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសម៉ិកស៊ិក កាលពីថ្ងៃពុធ បានស្នើឱ្យរដ្ឋាភិបាលម៉ិកស៊ិក ចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រសិនបើគាត់ចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតម៉ិកស៊ិក លោកស្រី Claudia Sheinbaum តាមការអញ្ជើញ។
ស្ថានទូតអ៊ុយក្រែនប្រចាំនៅប្រទេសម៉ិកស៉ិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងមានទំនុកចិត្តថា ទោះក្នុងករណីណាក៏ដោយ រដ្ឋាភិបាលម៉ិកស៉ិកនឹងគោរពតាមដីកាចាប់ខ្លួនអន្តរជាតិ ដោយប្រគល់ខ្លួនលោក ពូទីន ឱ្យទៅស្ថាប័នយុត្តិធម៌របស់អង្គការសហប្រជាជាតិនៅឯទីក្រុងឡាអេ ប្រទេសហូឡង់។
កាលពីខែមីនា ឆ្នាំ២០២៣ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន លោក ពូទីន ក្រោមការចោទប្រកាន់ ឧក្រិដ្ឋកម្មសង្រ្គាម ជុំវិញវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។
លោក ពូទីន និង លោក ហ្សេលេនស្គី ស្ថិតក្នុងចំណោមមេដឹកនាំពិភពលោក ដែលបានចូលរួមផ្ញើសារអបអរសាទរ ជ័យជម្នះរបស់លោកស្រី Sheinbaum។ ពិធីស្បថចូលកាន់តំណែងនោះ នឹងប្រព្រឹត្តទៅនាថ្ងៃទី១ ខែតុលា ខាងមុខ។
លោកស្រី Sheinbaum នឹងក្លាយជាប្រធានាធិបតីស្រីដំបូងបង្អស់ របស់ប្រទេសម៉ិកស៉ិក ក្រោយទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកលកាលពីខែមិថុនាកន្លងទៅ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា