អ៊ីស្រាអែលប្តេជ្ញាតាមប្រមាញ់មេដឹកនាំហាម៉ាស់ថ្មី

ហ្ស៊េរុយសាឡិម៖ អ៊ីស្រាអែលបានប្តេជ្ញាកាលពីពុធថា នឹងតាមកម្ចាត់លោក Yahya Sinwar បន្ទាប់ពីរូបលោកត្រូវបានតែងតាំងជាមេដឹកនាំថ្មីរបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីន ក្រោយការធ្វើឃាតមេដឹកនាំមុន គឺលោក Ismail Haniyeh នៅប្រទេសអ៊ីរ៉ង់ ខណៈដែលសង្រ្គាមហ្គាហ្សាឈានចូលដល់ខែទី ១១។

ថ្លែងនៅឯមូលដ្ឋានយោធាមួយកន្លែង នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា អ៊ីស្រាអែលបានប្តេជ្ញាចិត្តក្នុងការការពារខ្លួន ហើយបានប្រាប់ទៅកាន់មេដឹកនាំហាម៉ាស់ថ្មីថា អ៊ីស្រាអែលបានត្រៀមខ្លួនរួចហើយ ទាំងការការពារខ្លួន និងការវាយលុក។

ប្រមុខយោធាអ៊ីស្រាអែល លោក Herzi Halevi បាននិយាយថា យើងនឹងខិតខំប្រឹងប្រែងស្វែងរកលោក Yahya Sinwar រួចវាយប្រហារលើរូបលោក ហើយនឹងធ្វើឱ្យក្រុមហាម៉ាស ផ្លាស់ប្តូរមេដឹកនាំនយោបាយរបស់ពួកគេជាថ្មីម្តងទៀត។ កាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល លោក Israel Katz ក៏បានអំពាវនាវឱ្យកម្ចាត់លោក Sinwar ជាបន្ទាន់ផងដែរ។

អ៊ីស្រាអែលបានចោទប្រកាន់លោក Yahya Sinwar ថា ជាមេគំនិតនៅពីក្រោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ទៅលើភាគខាងត្បូងអ៊ីស្រាអែល ដែលនាំឱ្យផ្ទុះសង្រ្គាមនៅតំបន់ហ្គាហ្សាស្ទ្រីបអស់រយៈពេល ១១ខែមកនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner