អង្គការសុខភាពពិភពលោកបញ្ជូនវ៉ាក់សាំងជំងឺស្វិតដៃជើងជាង១លានទៅហ្គាហ្សា
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងបញ្ជូនវ៉ាក់សាំងជំងឺស្វិតដៃជើងជាងមួយលានទៅកាន់តំបន់ហ្គាហ្សា ជាទីដែលហែកហួរដោយសារសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ បន្ទាប់ពីមេរោគត្រូវបានរកឃើញនៅក្នុងទឹកសំណល់នៃទឹកដីប៉ាឡេស្ទីន។
ប្រធានអង្គការសុខភាពពិភព (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស បានប្រាប់សន្និសីទសារព័ត៌មានមួយថា អង្គការសុខភាពពិភពលោកកំពុងបញ្ជូនវ៉ាក់សាំងជំងឺស្វិតដៃជើងច្រើនជាងមួយលាន ទៅកាន់តំបន់ហ្គាហ្សានៅក្នុងសប្តាហ៍ខាងមុខនេះ។ ការរកឃើញជំងឺស្វិតដៃជើងនៅក្នុងទឹកសំណល់នៅតំបន់ហ្គាហ្សា គឺជាសញ្ញាបង្ហាញថា មេរោគកំពុងរាតត្បាតនៅក្នុងសហគមន៍ ធ្វើឱ្យកុមារមិនបានចាក់វ៉ាក់សាំងប្រឈមនឹងហានិភ័យ។
លោក ថេដ្រូស បានសង្កត់ធ្ងន់ថា បុគ្គលិកសុខាភិបាលត្រូវការការអនុញ្ញាតឱ្យចូលទៅកាន់តំបន់ហ្គាហ្សា ដើម្បីចែកចាយវ៉ាក់សាំងជំងឺស្វិតដៃជើង និងថា បទឈប់បាញ់ ឬយ៉ាងហោចណាស់រក្សាភាពស្ងប់ស្ងាត់ពីរបីថ្ងៃ គឺជារឿងចាំបាច់ ដើម្បីចាក់វ៉ាក់សាំងដល់កុមារងាយរងគ្រោះនៅហ្គាហ្សា។
ក្រសួងសុខាភិបាលបាននិយាយថា មេរោគត្រូវបានរកឃើញនៅក្នុងសំណាកទឹកសំណល់ ដែលបានយកចេញពីតំបន់ Khan Yunis និងនៅតំបន់ភាគកណ្តាលនៃតំបន់ហ្គាហ្សា។ មេរោគនេះភាគច្រើនឆ្លងតាមរយៈទឹកស្អុយ និងទឹកកខ្វក់ មានផ្ទុកវីរុសប៉ូលីយ៉ូ ដែលឆ្លងខ្លាំង។ មេរោគនេះអាចបណ្តាលឱ្យអ្នកជំងឺខូចទ្រង់ទ្រាយរាងកាយ និងខ្វិន ហើយក៏អាចឈានដល់ស្លាប់ផងដែរ។ ជាចម្បងវាប៉ះពាល់ដល់កុមារអាយុក្រោម ៥ឆ្នាំ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹមទីណា