សម្ដេចធិបតី ហ៊ុន ម៉ាណែត អានុញាតិឱ្យស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយលោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ។
ក្រុមហ៊ុន Gumball 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយជនជាតិអង់គ្លេស គឺជាម៉ាកយីហោដ៏ល្បីផ្តោតលើកការរៀបចំព្រឹត្តិការណ៍ ការកម្សាន្ត និងរបៀបរស់នៅបែបប្រណិតភាព។
ការរៀបចំព្រឹត្តិការណ៍ “Gumball 3000 Rally in Cambodia” នឹងចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសទេសចរណ៍ទៅក្នុងខេត្តសៀមរាប។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជាគោលការណ៍ឱ្យក្រសួងទេសចរណ៍ រួមសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន ជីប ម៉ុង រៀបចំមហាព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia ដែលមានការប្រមូលផ្ដុំនូវរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿងនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តអង្គរ ខេត្តសៀមរាប។
ទន្ទឹមនេះ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ថា ព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia គឺជាព្រឹត្តិការណ៍អន្តរជាតិប្រចាំឆ្នាំដ៏ធំមួយដែលមានការប្រមូលផ្ដុំនូវរថយន្តទំនើបៗប្រមាណ១៥០គ្រឿង បើកបរដោយបុគ្គលមានឥទ្ធិពលជាង ២៥០នាក់ មកពីជុំវិញពិភពលោក ធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយក្នុងតំបន់ រួមទាំងកម្ពុជាផងដែរ។
ព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាននេះ នឹងមានការដាក់តាំងបង្ហាញរថយន្តទំនើបជាច្រើនរយគ្រឿង អមជាមួយការប្រគំតន្ត្រីខ្នាតអន្តរជាតិ ដែលមានគោលបំណងសំខាន់ៗចំនួន៤ គឺ ការជំរុញវិស័យទេសចរណ៍កម្ពុជាតាមរយៈកញ្ចប់ទស្សនកិច្ច បើកបរដោយខ្លួនឯង (Self-drive tour) ការចូលរួមចំណែកបរិច្ចាគក្នុងកិច្ចការសប្បុរសធម៌ ការបើកឱកាសជំនួបធុរកិច្ចរវាងវិនិយោគគិនជាតិ-អន្តរជាតិ និងការបង្កើតកំណត់ត្រាពិភពលោកហ្គីណេសនៅតំបន់អង្គរ។
ឯកឧត្តម គុជ បញ្ញាសា បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍នេះមានរយៈពេល៣ថ្ងៃលើទឹកដី “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ” គឺចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាឱ្យបានទូលំទូលាយទៅកាន់ពិភពលោក និយាយដោយឡែក ការជ្រើសរើសយកខេត្តសៀមរាប សម្រាប់ការរៀបចំព្រឹត្តិការណ៍នេះ គឺជាចូលរួមផ្សព្វផ្សាយសក្តានុពលនៃវិស័យទេសចរណ៍ក្នុងទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរលើឆាកអន្តរជាតិ និងផ្សព្វផ្សាយយុទ្ធនាការ “ឆ្នាំទស្សនាសៀមរាប ២០២៤” តាមរយៈបុគ្គលល្បីមកពីជុំវិញពិភពលោក ។
នៅលើទឹកដីខេត្តសៀមរាប ព្រឹត្តិការណ៍នេះនឹងមានរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៦-១៧ ខែកញ្ញា ដោយអនុញ្ញាតឱ្យសាធារណជន ចូលរួមទស្សនាកម្សាន្តដោយសេរី និងបរិច្ចាគធនធានផ្ទាល់ខ្លួនទោះតិចឬច្រើន ទៅតាមលទ្ធភាព ដើម្បីជាការរួមចំណែកជួយដល់កុមារកម្ពុជា នៅមន្ទីរពេទ្យកុមារអង្គរ។
សូមបញ្ជាក់ថា ទីតាំងនីមួយៗនៃការត្រៀមរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ត្រូវបានត្រួតពិនិត្យ និងរៀបចំយ៉ាងយកចិត្តទុកដាក់បំផុត។ ជាក់ស្ដែងនាថ្ងៃទី១-២ ខែកញ្ញា ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឧកញ៉ា លាង ពៅ (ភីធើរ) បានបន្តចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យស្ថានភាពផ្លូវ និងទីតាំងសំខាន់ៗ សម្រាប់ព្រឹត្តិការណ៍នេះ រួមមាន ៖ ទីតាំងព្រលានយន្តហោះសៀមរាបចាស់ និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាដើម ។
ទន្ទឹមនឹងនេះ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់សារមន្ទីរសម្តេចព្រះព្រហ្មរតនមុនីពិនសែម នៅវត្តរាជបូព៌ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហើបថា ការប្រមូលផ្តុំរថយន្តប្រណិត Gumball 3000 នឹងមកដល់ប្រទេសកម្ពុជាហើយ ហើយនឹងក្លាយជាកន្លែងទាក់ទាញទេសចរណ៍ដ៏សំខាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអ្នកដែលចូលរួមរៀបចំព្រឹត្តិការណ៍នេះដែលនឹងមកលេងខេត្តសៀមរាប និងរាជធានីភ្នំពេញ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ