កម្ពុជាទទួលធ្វើជាប្រធានប្តូរវេន កិច្ចសហប្រតិបត្តិការអាស៊ាន លើកទី២៣ និង អាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ ចាប់ពីចុងឆ្ឆ្នាំ២០២៤ រហូតដល់ចុងឆ្នាំ ២០២៦
ភ្នំពេញ៖ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះប្រធានប្តូរវេនលើកទី២៣ នៃកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការវិស័យមុខងារសាធារណៈ( 23rd ACCSM)និងជាប្រធានប្តូរវេនលើកទី៨ នៃកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការវិស័យមុខងារសាធារណៈអាស៊ានបូកបី (8th ACCSM+3) ចាប់ពីចុងឆ្នាំ២០២៤ រហូតដល់ចុងឆ្នាំ ២០២៦ បន្តពីប្រទេសប្រ៊ុយណេដារូហ្សាឡាម លើមូលបទក្នុង៖ «នវានុវត្តន៍ សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» (INNOVATION FOR BETTER SERVICE DELIVERY)។ មូលបទខាងលើទទួលបានការគាំទ្រ និងពេញចិត្ត ហើយមានការចូលរួមពីភាគីពាក់ព័ន្ធ និងប្រទេសជាមិត្តក្នុងវិស័យមុខងារសាធារណៈ។ ប្រទេសជាសមាជិកយល់អំពីសារៈសំខាន់នៃប្រធានបទ និងអត្ថប្រយោជន៍នៃការបន្ស៊ីសកម្មភាពរបស់ខ្លួនជាមួយមូលបទដែលបានលើកឡើងនេះ ។
នេះបើតាមការបញ្ជាក់ពី ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ អគ្គលេខាធិការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ ដល់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅក្រោយពេលអញ្ជើញមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយសុវត្តិភាព ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ បន្ទាប់ពីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅប្រទេសប្រ៊ុយណេដារូហ្សាឡាម។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា ចាប់ពីពេលនេះតទៅ កម្ពុជាមានភារកិច្ចដឹកនាំសម្របសម្រួលការងារផ្សេងៗ រួមទាំងការតាក់តែង រៀបចំផែនការសកម្មភាពថ្មីរបស់កិច្ចការសហប្រតិបត្តិការវិស័យមុខងារសាធារណៈអាស៊ានសម្រាប់ឆ្នាំ ២០២៦-២០៣០ ។ ការដឹកនាំសម្របសម្រួលនេះ ជាការឆ្លុះបញ្ចាំងពីការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ រវាងប្រទេសជាសមាជិកក្នុងតំបន់អាស៊ាន ដើម្បីសម្រេចបានឯកសារផែនការសកម្មភាពរួមមួយយកទៅប្រើប្រាស់ និងអនុវត្តក្នុងតំបន់ជារួមនៅក្នុងក្របខណ្ឌសហប្រតិបត្តិការអាស៊ានលើវិស័យមុខងារសាធារណៈ ដែលផែនការសកម្មភាពនេះនឹងក្លាយជាឧបករណ៍មួយសម្រាប់ផ្តល់ការគាំទ្រគ្នាទៅវិញទៅមក និងផ្តល់អត្ថប្រយោជន៍ដល់មន្រ្តីរាជការ នៃប្រទេសជាសមាជិកអាស៊ានទាំងអស់នៅក្នុងការចូលរួមអភិវឌ្ឍវិស័យមុខងារសាធារណៈដូចជាការបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្ថាប័ន បណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីរាជការ ការបណ្តុះបណ្តាលនិងការចែករំលែកបទពិសោធន៍ស្តីពីភាពជាអ្នកដឹកនាំ នវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈ ព្រមទាំងការងារកែទម្រង់រដ្ឋបាលសាធារណៈជាដើម។
ឯកឧត្តម ឈុន សុជាតិ បញ្ជាក់បន្ថែមថា ក្នុងឋានៈប្រធានប្តូរវេន ក្រសួងមុខងារសាធារណៈកម្ពុជា នឹងត្រូវរៀបចំកិច្ចប្រជុំធំៗនៅក្នុងក្របខណ្ឌអាស៊ានជាច្រើន ដែលក្នុងនោះកិច្ចប្រជុំត្រៀមរៀបចំការងារ (Preparatory meeting) និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើវិស័យមុខងារសាធារណៈ (Senior Officials Meeting)គ្រោងនឹងរៀបចំនៅពាក់កណ្តាលឆ្នាំ២០២៥ ព្រមទាំងកិច្ចប្រជុំរបស់ប្រមុខមុខងារសាធារណៈអាស៊ាន និងអាស៊ានបូក៣ គ្រោងរៀបចំនៅក្នុងខែសីហា ឆ្នាំ២០២៦ រួមទាំងការរៀបចំវេទិកាអម និងកិច្ចប្រជុំគាំទ្រផ្សេងៗទៀត ដើម្បីជាប្រយោជន៍ក្នុងការគាំទ្រលើវិស័យមុខងារសាធារណៈរបស់កម្ពុជា និងក្របខណ្ឌតំបន់អាស៊ានទាំងមូល។
កម្ពុជា សូមស្វាគមន៍បណ្តាប្រទេសជាមិត្ត មកកាន់ កម្ពុជា ទាំងក្នុងក្របខណ្ឌទេសចរណ៍ទូទៅផង និងក្នុងក្របខណ្ឌដើម្បីចូលរួមកិច្ចប្រជុំដែលពាក់ព័ន្ធជាមួយវិស័យមុខងារសាធារណៈផង។ លើសពីនេះ ការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនៅ កម្ពុជា គឺស្របពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានកំណត់ និងដាក់ចេញគោលនយោបាយជាអាទិភាព លើការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្រសួងមុខងារសាធារណៈបាននឹងកំពុង ដឹកនាំអនុវត្តនាពេលបច្ចុប្បន្ននេះ។
គួរបញ្ជាក់ផងដែរថា កាលពី២០ឆ្នាំមុន កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ ពោលគឺក្នុងឆ្នាំ២០០៤-២០០៦ ក្រោមមូលបទ «ការគ្រប់គ្រងធនធានមនុស្ស ក្នុងសេវាសាធារណៈ ជាដៃគូយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍជាតិ៖ គំរូថ្មីសម្រាប់បរិបទអាស៊ាន។ Human Resource Management in Public Service as Strategic Partner in National Development: New Paradigm for ASEAN Context។ ពេលនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំប្រមុខ មុខងារសាធារណៈ លើកទី១៣ នាថ្ងៃទី២០ ក្នុងខែធ្នូ ឆ្នាំ២០០៥ នៅរាជធានីភ្នំពេញ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ជឹម ភារ៉ា














