ថៃដាក់ផែនការទាក់យកអ្នកទេសចរជប៉ុនវ័យក្មេង

បាងកក៖ កន្លងមក ប្រទេសថៃផ្តោតលើបរិមាណភ្ញៀវទេសចរ ពោលគឺធ្វើម៉េចឲ្យតែមានភ្ញៀវច្រើន ទោះមកពីប្រទេសណាក៏បានដែរ។ ឥលូវនេះ ជាមួយនឹងកំណើនភ្ញៀវជាង៣០% លើសការររំពឹងទុក ក្រសួងទេសចរណ៍ និងកីឡា ថៃបានដាក់គោលដៅជាយុទ្ធសាស្ត្រទាក់ទាញទេសចរដែលមានគុណភាពខ្ពស់។

ភ្ញៀវគុណភាពខ្ពស់ជាភ្ញៀវដែលហ៊ានចំណាយខ្ពស់ទៅលើការស្នាក់នៅ ហូបចុក និងទំនិញ ហើយពួកគេក៏អាចស្នាក់នៅរយៈពេលយូរផងដែរ។

ក្នុងចំណោមគោលដៅថ្មីរបស់ថៃ ពលរដ្ឋជប៉ុនគឺភ្ញៀវអាទិភាពរបស់ថៃ។

កាសែត បាងកកប៉ុស្តិ៍ ផ្សាយថា ក្រសួងទេសចរណ៍ថៃ បានកំណត់យកភ្ញៀវជប៉ុនឲ្យបានយ៉ាងតិច ១លាននាក់នៅត្រឹមចុងឆ្នាំ២០២៤។ ជាការប៉ន់ប៉ងបែបអភិរក្ស ដោយថៃមើលឃើញថាពលរដ្ឋជប៉ុន កំពុងកាត់បន្ថយការធ្វើដំណើរព្រោះប្រាក់យ៉េនចុះថោក។

លោក Polphum ជំនួយការផ្ទាល់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា បាននិយាយថា ប្រទេសជប៉ុនមានប្រជាជនចំនួន ១២៤ លាននាក់ និង ជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី ៤ របស់ពិភពលោក។ ដូច្នេះ ពលរដ្ឋជប៉ុនមានសក្តានុពលសម្រាប់ឲ្យថៃអូសទាញមកលែងប្រទេសខ្លួនបាន។

មន្ត្រីដដែលបន្ថែមថា ជាប្រទេសអ្នកមាននៅអាស៊ី ភ្ញៀវជប៉ុនជាអ្នកទេសចរដែលមានគុណភាពខ្ពស់ដែលថៃត្រូវតែរក្សា និងប្រឹងប្រែងអូសទាញបន្ថែម។ លោកលើកឡើងថា ក្រសួងកំពុងរិះរកមធ្យោបាយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសជប៉ុន។ ថ្មីៗនេះ លោកក៏បានទៅទស្សនកិច្ច ទៅកាន់ការិយាល័យ របស់អាជ្ញាធរទេសចរណ៍ថៃ ក្នុងប្រទេសជប៉ុនទៀតផង។

កាលពីឆ្នាំមុន ថៃទទួលបានភ្ញៀវជប៉ុនមានប្រហែល ៨០ម៉ឺននាក់។ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំនេះ ក្នុងចំណោមភ្ញៀវបរទេស ចំនួន ១៧លាន៥សែននាក់ មានទេសចរជប៉ុន មានជាង ៤៧ម៉ឺននាក់។ នេះបើតាមកាសែត Bangkok Post។

កាសែត The Nation បានចេញផ្សាយ ដោយបានដកស្រង់សម្តីរបស់ នាយកការិយាល័យអាជ្ញាធរទេសចរណ៍ថៃ ប្រចាំទីក្រុង Tokyo ថា ស្របពេលជប៉ុនកាត់បន្ថយចំណាយ ថៃនឹងផ្តោតលើយុវជនជំនាន់ថ្មីរបស់ជប៉ុន គឺ ជំនាន់ Z និង ជំនាន់ Y ដែលចូលចិត្តដំណើរទស្សនាចរ និងហ៊ានចំណាយច្រើន៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner