សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ៖ បេសកកម្មការទូត របស់ ឯកឧត្តម វ៉ាង វិនពីង នឹងជំរុញមិត្តភាពដែកថែប កម្ពុជា-ចិន បន្ថែមទៀត
(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមាន ៧មករា។
សម្តេចបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ដែលទើបទទួលបានបេសកកម្មថ្មីនៅកម្ពុជា និងបានអបអរសាទរខួប៦៦ឆ្នាំ នៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន។ សម្តេច មានប្រសាសន៍លើកឡើងថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន មានការរីកចម្រើនយ៉ាងខ្លាំង ពីដៃគូយុទ្ធសាស្រ្ត ទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ព្រមទាំងវានបង្តើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រផែមទៀតផង។
សម្តេចបង្ហាញនូវជំនឿថា បេសកកម្មរបស់ ឯកឧត្តម វ៉ាង វិនពីង និងជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងរឹងមាំនិងមានលទ្ធផល ដល់ប្រទេសទាំងច្រើនថែមទៀត ។
ឯកឧត្តម វ៉ាង វិនពីង លើកឡើងថា ចំណងមិត្តភាពកម្ពុជា-ចិន ដែលកសាងឡើងដោយថ្នាក់ដឹកនាំជំនាន់មុន មានដូចជាសម្តេចព្រះនរោត្តមស៊ីហនុ និងឯកឧត្តម ម៉ៅ សេទុង ត្រូវបន្តលើកកម្ពស់ជាបន្តបន្ទាប់ រហូតថ្នាក់ដឹកនាំសព្វថ្ងៃ និងសម្រេចបាននូវមិត្តភាពដែកថែបយ៉ាងរឹងមាំ។ ឯកឧត្តម បានប្តេជ្ញាចិត្តថា និងបន្តជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំថែមទៀត។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអរគុណចំពោះមិត្តចិន ដែលតែងតែគាំទ្រកម្ពុជា ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍស្របតាមលក្ខខណ្ឌជាតិ និងបន្តផ្តល់ជំនួយជាច្រើន ដែលមិនត្រឹមតែជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងដល់ឯករាជភាពរបស់កម្ពុជាថែមទៀតផង។ ចំពោះកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ និងគាំទ្រនូវគំនិតផ្តួចផ្តើម ព្រមទាំងតួនាទីកាន់តែសំខាន់របស់មិត្តចិន ក្នុងកិច្ចការតំបន់ និងសកល ។
សម្តេចបានបង្ហាញការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ ដែលមានការរីកចម្រើនយ៉ាងខ្លាំង ដែលប្រទេសចិនគឺជាដៃគូរពាណិជ្ជកម្ម និងប្រភពវិនិយោគ ធំបំផុតរបស់កម្ពុជា។
ចំពោះកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ សម្តេចបានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការប្រពៃណីដែលមានការរីកចម្រើនយ៉ាងខ្លាំង តាមរយៈអនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ ដែលទទួលបានលទ្ធផលជាបន្តបន្ទាប់។
សម្តេចចាត់ទុកកិច្ចសហប្រតិបត្តិការគណបក្សទាំងពីរជាស្នូល ដោយថ្នាក់ដឹកនាំទាំងពីរបានបន្តប្រាស្រ័យទាក់ទងគ្នា ផ្លាស់ប្តូរទស្សនកិច្ច និងគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់វេទិការតំបន់ និងអន្តរជាតិ។ សម្តេចសំណូមពរមិត្តចិន ជួយអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា វិស័យកីឡា សុខភាពសាធារណៈ និងបណ្តុះបណ្តាលអ្នកនយោបាយវ័យក្មេងនៅកម្ពុជាជាដើម ។
ជាកាឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតបានអរគុណចំពោះកម្ពុជា ដែលតែងតែគាំទ្រចិន និងប្តេជ្ញាចិត្តក្នុងការជួយដល់កម្ពុជាសម្រេចបាននូវគោលដៅឆ្នាំ២០៥០ តាមរយៈការជួយអភិវឌ្ឍធនធានមនុស្ស និងអភិបាលកិច្ច ការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានជាអាទិ៍វិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ការលើកកម្ពស់ជីវភាពប្រជាជន និងការបង្កើនកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរផងដែរ ៕
ដោយ ៖ ហេង សម្បត្តិ