អ៊ុយក្រែនគ្រោងដាក់ពង្រាយឆ្កែយន្តនៅសមរភូមិប្រយុទ្ធ
គៀវ៖ ប្រទេសអ៊ុយក្រែនត្រៀមដាក់ពង្រាយឆ្កែយន្តឆ្លាតវៃរបស់ខ្លួន នៅសមរភូមិជួរមុខក្នុងពេលឆាប់ៗខាងមុខនេះ។
Read. អ៊ុយក្រែនមានផែនការដាក់ពង្រាយឆ្កែយន្តឆ្លាតវៃ នៅឯតំបន់សមរភូមិជួរមុខនាពេលឆាប់ៗនេះ ដើម្បីជំនួសទាហានមនុស្ស សម្រាប់បេសកកម្មដ៏គ្រោះថ្នាក់មួយចំនួន មានដូចជាការស៊ើបការណ៍នៅលេណដ្ឋានរុស្ស៊ី ឬការរុករកគ្រាប់មីនជាដើម។
ឆ្កែយន្តផលិតពីលោហធាតុ ដែលគេហៅឈ្មោះថា “BAD One” អាចមានសមត្ថភាពក្រោកឈរ ក្រាប រត់ និងលោត តាមពាក្យបញ្ជារបស់ម្ចាស់។ អ្នកផលិតឆ្កែយន្តនេះ បាននិយាយថា ជាមួយនឹងភាពរហ័សរហួនរបស់វា ឆ្កែយន្តនេះអាចក្លាយជាសម្ព័ន្ធមិត្តដែលមិនអាចកាត់ថ្លៃបាន នៅលើសមរភូមិជួរមុខសម្រាប់កងទ័ពអ៊ុយក្រែនដែលមានកម្លាំងមនុស្សតិច ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។
អ្នកផលិតឆ្កែយន្តនេះបន្ថែមថា យើងមានទាហានឃ្លាំមើល ដែលត្រូវបានបញ្ជូនទៅធ្វើបេសកកម្មឈ្លបយកការណ៍ ដែលភាគច្រើនជាមនុស្សដែលទទួលបានការបណ្តុះបណ្តាលខ្ពស់, អ្នកមានបទពិសោធន៍ច្រើន និងតែងតែប្រឈមនឹងហានិភ័យ។ ដូច្នេះ ឆ្កែយន្តនេះ នឹងលុបបំបាត់ហានិភ័យរបស់ទាហាន និងបង្កើនសមត្ថភាពប្រតិបត្តិការយោធា។ នេះគឺជាមុខងារស្នូលរបស់ឆ្កែ យន្ត “BAD One”។
អ្នកផលិតឆ្កែយន្តបានបញ្ជាក់ទៀតថា ខ្ញុំមិនអាចនិយាយប្រាប់បានទេថាតើយើងដាក់ពង្រាយពួកវាចំនួនប៉ុន្មានក្បាលនៅអ៊ុយក្រែន។ ហើយប្រសិនបើឆ្កែយន្តនេះធ្លាក់ចូលទៅក្នុងដៃរបស់រុស្ស៊ី នោះកុងតាក់សង្គ្រោះបន្ទាន់ នឹងអនុញ្ញាតឱ្យប្រតិបត្តិករលុបចោលទិន្នន័យទាំងអស់របស់វាភ្លាមៗ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា





