ចិនប្តឹងអឺរ៉ុបដល់អង្គការពាណិជ្ជកម្មពិភពលោក ជុំវិញការតម្លើងពន្ធឡានអគ្គិសនី

ប៉េកាំង៖ ទីក្រុងប៉េកាំងបានបញ្ជាក់កាលពីថ្ងៃសុក្រថា ខ្លួនបានដាក់ពាក្យប្តឹងឧទ្ធរណ៍ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ពាក់ព័ន្ធនឹងការតម្លើងពន្ធបន្ថែមរបស់សហភាពអឺរ៉ុប លើការនាំចូលឡានអគ្គិសនីពីប្រទេសចិន។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃទី៩ ខែសីហា ប្រទេសចិនបានអំពាវនាវឱ្យមានយន្តការដោះស្រាយវិវាទនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញវិធានការតម្លើងពន្ធរបស់សហភាពអឺរ៉ុបលើការនាំចូលឡានអគ្គិសនី (EVs) របស់ចិន។ ក្រសួងពាណិជ្ជកម្មចិនបានគូសបញ្ជាក់ថា ការប្តឹងឧទ្ធរណ៍នេះធ្វើឡើងមានគោលបំណងការពារសិទ្ធិអភិវឌ្ឍន៍ និងផលប្រយោជន៍នៃឧស្សាហកម្មឡានអគ្គិសនី និងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរបៃតងជាសកល។

ក្រសួងបន្ថែមថា សេចក្តីសម្រេចបឋមរបស់អឺរ៉ុប ខ្វះមូលដ្ឋានជាក់ស្តែង និងផ្លូវច្បាប់ ហើយបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់ WTO និងធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការពិភពលោក ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។ ដូច្នេះយើងជំរុញឱ្យអឺរ៉ុបកែតម្រូវជាបន្ទាន់ នូវការអនុវត្តខុសរបស់ខ្លួន ហើយរួមគ្នារក្សាស្ថិរភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អឺរ៉ុប ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មឡានអគ្គិសនី។

សូមរម្លឹកថា ចាប់តាំងពីថ្ងៃទី៤ ខែកក្កដា អឺរ៉ុបបានតម្រូវឱ្យក្រុមហ៊ុននាំចូលឡានអគ្គិសនីចិនត្រូវបង់ពន្ធបន្ថែមថ្មីចំនួន៣៨ភាគរយ បន្ទាប់ពីអឺរ៉ុបបានស៊ើបអង្កេតរកឃើញថា រដ្ឋចិនលួចជួយឧបត្ថម្ភដោយខុសច្បាប់ដល់សហគ្រាសផលិតឡានអគ្គិសនីក្នុងស្រុកចិន ដើម្បីធ្វើឱ្យតម្លៃលក់ឡានចិននៅអឺរ៉ុបមានតម្លៃថោកជាងឡានអឺរ៉ុប។ គណៈកម្មការអឺរ៉ុបធ្លាប់បានចាត់ទុកករណីនេះថា ជាការដើរខ្សែលើ និងជាការប្រកួតប្រជែងមិនស្មោះត្រង់ពីសំណាក់ប្រទេសចិន។

ការតម្លើងពន្ធនេះ នឹងត្រូវចូលជាធរមាននៅខែវិច្ឆិកាខាងមុខ ហើយមានសុពលភាព៥ឆ្នាំ ប៉ុន្តែវានៅរង់ចាំការបោះឆ្នោតគាំទ្រដោយរដ្ឋសមាជិកចំនួន២៧ របស់សហភាពអឺរ៉ុបជាមុនសិន។ យោងតាមក្រុមប្រឹក្សាអាត្លង់ទិកបានឱ្យដឹងថា ការលក់ឡានអគ្គិសនីរបស់ចិននៅក្រៅប្រទេស បានកើនឡើង ៧០ភាគរយក្នុងឆ្នាំ២០២៣ ដែលឈានដល់ទឹកប្រាក់ ៣៤.១ពាន់លានដុល្លារ។ ក្នុងនោះ ជិត ៤០ភាគរយបានចែកចាយនៅអឺរ៉ុប ដែលជាទីផ្សារធំបំផុតរបស់ចិន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner