អភិបាលខេត្តកំពង់ស្ពឺណែនាំជួសជុលបន្ទាន់ផ្លូវមួយខ្សែប្រវែងជាង១២គីឡូម៉ែត្រនៅស្រុកគងពិសី

កំពង់ស្ពឺ៖អភិបាលខេត្តកំពង់ស្ពឺឯកឧត្តម ជាម ចន្ទ័សោភ័ណ បានណែនាំដល់មន្ទីរឯកភាពជំនាញនិងអាជ្ញាធរពាក់ពន្ធ័ធ្វើការ
ជួសជុលថែទាំជាប្រចាំកំណាត់ផ្លូវមួយខ្សែប្រវែងជាង១២គីឡូម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ៤១ចំនុចផ្សារស្លាបលែងទៅផ្លូវជាតិ លេខ៣ ចំណុងផ្សារប៉ាង្កសី នៃស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។កំណាត់ផ្លូវមួយនេះមានសារសំខាន់ក្នុងការដឹកជញ្ជូនផលិតផល
នានាមកកាន់ទីផ្សារ តែបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារ ការដឹកជញ្ជូននៃរថយន្តធុនធំកន្លងមក ។

នៅក្នុងឱកាសចុះពិនិត្យការជួសជុលឡើងវិញកំណាត់ផ្លូវមួយខ្សែនេះកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានលើកឡើងថាផ្លូវគឺមានសារសំខាន់បំផុត ក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទាំងនៅក្នុងមូលដ្ឋាន និងឆ្លងកាត់។ពិសេសជាតំណភ្ជាប់គ្នារវាងសេដ្ឋកិច្ចមូលដ្ឋាន ទៅកាន់ទីផ្សារ។កាលណាផ្លូវស្អាត សេដ្ឋកិច្ចក៏មានភាពរស់រវើក ពលរដ្ឋមានជីវភាពធូរធា ហើយក៏បម្រើឱ្យវិស័យទេសចរណ៍ ផងដែរ។

ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវ ចុះពិនិត្យមើលឱ្យបានទៀងទាត់នូវផ្លូវតូចធំ ទាំងកម្រិតថ្នាក់ជាតិ ថ្នាក់ខេត្ត និងផ្លូវនៅក្នុងឃុំទាំងអស់នៅទូទាំងខេត្តកំពង់ស្ពឺ  ហើយត្រូវប្រាកដថាផ្លូវទាំងអស់នោះជាផ្លូវដែលធ្វើដំណើរបាន យ៉ាងងាយស្រួលសម្រាប់ប្រជាពលរដ្ឋទូទៅ។មន្ទីរសាធារណ ការខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរដែនដីត្រូវ សហការជាមួយក្រុមហ៊ុនទាំងអស់ដែលអាស្រ័យផលលើផ្លូវក្នុងមូលដ្ឋានត្រូវសហការគ្នាជួសជុលឱ្យទាន់ពេលវេលានៅពេលផ្លូវ រងការខូចខាតដោយមិនត្រូវទុកឱ្យផ្លូវខូចធ្ងន់ធ្ងរនោះឡើយ៕
អត្ថបទ៖ ម៉ុន សំអាត

ads banner