ឯកឧត្តម ប៉ែន បូណា៖ ការប៉ុនប៉ងបំផុសចលនាបដិវត្តន៍ពណ៌នៅកម្ពុជា គឺជាអំពើប្រឆាំងនឹងច្បាប់ ប្រឆាំងនឹងសន្តិភាព ប្រឆាំងនឹងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងប្រឆាំងឆន្ទៈក៏ដូចជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ឯកឧត្តមបានឆ្លើយសំណួរអ្នកសារព័ត៌មានជាច្រើនពាក់ព័ន្ធនឹងការអំពាវនាវរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសដែលយកបញ្ហានៅប្រទេសបង់ក្លាដេសមកបំផុសឱ្យមានចលនាបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជាតាមការស្រមើស្រមៃរបស់ខ្លួន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជូនជាថ្មីដូចតទៅ៖ ការប៉ុនប៉ងបំផុសចលនាបដិវត្តន៍ពណ៌នៅកម្ពុជា គឺជាអំពើប្រឆាំងនឹងច្បាប់ ប្រឆាំងនឹងសន្តិភាព ប្រឆាំងនឹងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងប្រឆាំងឆន្ទៈក៏ដូចជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ។ ហេតុអ្វី?

ទី១.រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាកើតចេញពីការបោះឆ្នោត ស្របច្បាប់ដោយប្រជាពលរដ្ឋខ្មែរ។ ដូច្នេះ ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យគឺជាអំពើល្មើសច្បាប់។ នេះសបញ្ជាក់ថា ក្រុមជ្រុលនិយមមួយក្តាប់តូចនេះតែងប្រព្រឹត្តខុសច្បាប់ជារៀងរហូតមក ហើយទោសដែលពួកគេមានជាប់ខ្លួនគឺជាឧទាហរណ៍ស្រាប់។

ទី២.ប្រទេសកម្ពុជាមានសន្តិភាពពេញលេញចាប់ពីឆ្នាំ១៩៩៨ មកក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ សន្តិភាពមានតម្លៃខ្ពស់ណាស់មិនអាចកាត់ថ្លៃបាន ពីព្រោះវាបានអនុញ្ញាតឱ្យប្រទេសជាតិស្គាល់ការអភិវឌ្ឍមិនធ្លាប់មានពីមុន និងបានផ្តល់ក្តីសុខនិងអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា។ ដូច្នេះ ការប៉ុនប៉ងអូសទាញប្រទេសឱ្យធ្លាក់ក្នុងសភាពវឹកវរ ហិង្សា បង្ហូរឈាម ដែលបើកផ្លូវឱ្យសង្គ្រាមស៊ីវិលកើតឡើងសារជាថ្មីគឺជាអំពើប្រឆាំងសន្តិភាពដែលអាជ្ញាធររាជរដ្ឋាភិបាលមិនអនុញ្ញាតជាដាច់ខាត។

ទី៣.កម្ពុជាពីអតីតកាលដែលរងការបំផ្លិចបំផ្លាញខ្ចេចខ្ទាំ រហូតដល់ធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ កាប់សម្លាប់គ្នាស្ទើរផុតរលត់ពីផែនដី ដោយសារអ្នកនយោបាយខ្មែរប្រើវប្បធម៌នយោបាយដណ្តើមអំណាចគ្នាដោយចុងកាណុង។ ប៉ុន្តែ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា វប្បធម៌នយោបាយនេះត្រូវបានផ្លាស់ប្តូរមកជាការជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យវិញ។ ដូច្នេះ ការប៉ុនប៉ងណាមួយចង់ផ្តួលរំលំរាជរដ្ឋាភិបាលតាមមធ្យោបាយបដិវត្តន៍ពណ៌ គឺជាអំពើប្រឆាំងនឹងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យដែលមិនអាចទទួលយកបាន។

ទី៤.ប្រជាពលរដ្ឋខ្មែរបាននិងកំពុងទទួលផលពីសុខសន្តិភាពនិងការអភិវឌ្ឍហើយពួកគេដឹងច្បាស់ថា សន្តិភាពនិងការអភិវឌ្ឍគឺស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា។ ហេតុនេះហើយបានជាពួកគេបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេសរហូតមក។ ជាក់ស្តែង ការបោះឆ្នោតចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង ៨២% នៃចំនួនអ្នកបោះឆ្នោតដែលជាអត្រាគាំទ្រខ្ពស់បំផុត។ ដូច្នេះ អំពើរបស់ជនជ្រុលនិយមមួយក្តាប់តូចដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលគឺផ្ទុយស្រឡះពីឆន្ទៈនិងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរដែលចង់រស់នៅក្នុងសុខសន្តិភាពនិងមិនចង់ភ្លក់រសជាតិនៃភាពវឹកវរ អសន្តិសុខ និងសង្គ្រាមស៊ីវិលម្តងទៀតឡើយ។

ទី៥.រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្នមានគោលជំហរច្បាស់លាស់ ម៉ឺងម៉ាត់ ឥតងាករេ គឺការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទោះជាក្នុងតម្លៃណាក៏ដោយ។ នេះគឺជាភាពកក់ក្តៅដែលរាជរដ្ឋាភិបាលធានាជូនជាតិនិងប្រជាពលរដ្ឋខ្មែរទាំងក្នុងអតីតកាល បច្ចុប្បន្ន និងតទៅអនាគត៕
ដោយ៖ពលជ័យ

ads banner