ព្រួយបារម្ភខ្លាំង WHO នឹងបើកកិច្ចប្រជុំបន្ទាន់ស្តីពីជំងឺអុតស្វា
ហ្សឺណែវ: គណៈកម្មាធិការគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោក (WHO) នឹងជួបប្រជុំគ្នានៅថ្ងៃពុធសប្តាហ៍ក្រោយ ដើម្បីសម្រេចថាតើគួរ ឬមិនគួរប្រកាសអាសន្នកម្រិតខ្ពស់បំផុត ស្របពេលជំងឺអុតស្វា (Mpox) កំពុងរីករាលដាលខ្លាំងនៅបណ្តាប្រទេសអាហ្វ្រិកមួយចំនួន។
អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅក្នុងកំណត់ត្រាមួយទៅកាន់អ្នកសារព័ត៌មានថា កិច្ចប្រជុំតាមអនឡាញបិទទ្វារមួយ នឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃពុធទី១៤ ខែសីហាខាងមុខនេះ។
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា គណៈកម្មាធិការគ្រាអាសន្ននៃ WHO នឹងផ្តល់ឱ្យខ្ញុំនូវទស្សនៈរបស់ពួកគេ ថាតើការផ្ទុះឡើងនៃជំងឺអុតស្វា គួរ ឬមិនគួរប្រកាសជាភាពអាសន្នផ្នែកសុខភាពសាធារណៈ នៃការព្រួយបារម្ភជាអន្តរជាតិដែរឬយ៉ាងណា។
លោកអគ្គនាយកបន្ថែមថា អំឡុងកិច្ចប្រជុំនោះ ពួកគេនឹងផ្តល់ដំបូន្មានទៅលើវិធីបង្ការ និងកាត់បន្ថយការរីករាលដាលនៃជំងឺអុតស្វា ឬ (Mpox) ឱ្យកាន់តែប្រសើរឡើងថែមទៀត។
អុតស្វា គឺជាជំងឺឆ្លងបង្កឡើងដោយវីរុសដែលចម្លងពីសត្វមានមេរោគទៅមនុស្ស ប៉ុន្តែក៏អាចឆ្លងពីមនុស្សទៅមនុស្ស តាមរយៈការប៉ះរាងកាយជិតស្និទ្ធផងដែរ។ ជំងឺនេះបណ្តាលឱ្យក្តៅខ្លួន ឈឺសាច់ដុំ និងដំបៅធំៗនៅលើរាងកាយ។
សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) គឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតនាពេលបច្ចុប្បន្ន ដោយសារការផ្ទុះឡើងនៃជំងឺអុតស្វា។ ករណីឆ្លងចំនួន ១៤.៤៧៩ករណីត្រូវបានរកឃើញ និងមានអ្នកស្លាប់ចំនួន ៤៥៥នាក់ គិតត្រឹមថ្ងៃទី៣ ខែសីហា នេះបើយោងតាមទីភ្នាក់ងារសុខភាពរបស់សហភាពអាហ្វ្រិក៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា