ការប្រកួតបាល់ទាត់ហ្វូតសាល ខេមអេដ រដូវកាល ២០២៤ មាន ១៩ក្រុមចូលរួម

ភ្នំពេញ៖ វិទ្យាស្ថានខេមអេដបានរៀបចំកម្មវីធីបើកការប្រកួតខេមអេដ រដូវកាលថ្មី ២០២៤ នៅទីលាន T-Soccer រាជធានីភ្នំពេញ ជាមួយគោលដៅសំខាន់ៗមួយចំនួន ក្នុងការបង្កើនសុខមាលភាពរបស់កីឡាករ និងត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ ។

នៅក្នុងកម្មវិធីបើកនេះ មានការចូលរួមពីសំណាក់សាស្ត្រាចារ្យ ប្រចាំវិទ្យាស្ថាន ដូចជា លោកបណ្ឌិតសាស្ត្រាចារ្យ ព្រុំ វិរៈ និង លោកបណ្ឌិតសាស្ត្រាចារ្យ Kenneth Paul Charman។

លោកសាស្រ្តាចារ្យទាំងពីរលើកឡើងអំពីសារៈសំខាន់របស់កីឡាចំពោះសិស្សនិស្សិតគ្រប់គ្នា ដែលផ្តល់ផលប្រយោជន៍ចំពោះសុខភាពរាងកាយ និងផ្លូវចិត្តផងដែរ។ ការប្រកួតនេះដំណើរការពីថ្ងៃទី១០ ខែសីហារហូតដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។

ក្រៅពីការប្រកួតបាល់ទាត់បុរស វិទ្យាស្ថានខេមអេដ ក៏មានការប្រកួតកីឡាផ្សេងៗផងដែរ ដូចជាបាល់ទាត់នារីក្នុងសាល បាល់បោះបុរស-នារី និងការប្រកួតកីឡាអត្តពលកម្មផងដែរ។ ការប្រកួតកីឡាបាល់ទាត់ក្នុងសាល ឆ្នាំ២០២៤នេះ មានក្រុមសិស្សនិស្សិតចូលរួមចំនួន១៩ក្រុម ក្នុងនោះសិស្សកំពុងសិក្សាបរិញ្ញាបត្រចំនួន ១០ក្រុម និងអតីតនិស្សិត និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ សិស្សសិក្សាកម្មវីធី ACCA/CAT ចំនួន៩ក្រុម។

គួរបញ្ជាក់ថា សិស្សនិស្សិតវិទ្យាស្ថានខេមអេដ តែងតែចូលរួមប្រកួតកីឡាយ៉ាងច្រើន ដូចជាកីឡាឧត្តមសិស្សា ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយវិទ្យាស្ថានតែងតែទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធផងដែរ ជាក់ស្តែង កាលពីការប្រកួតកីឡាឧត្តមសិក្សាថ្នាក់ជាតិ កន្លងទៅនេះ ខេមអេដ ទទួលបានមេដាយមាស ១៩ មេដាយប្រាក់ ១០គ្រឿង និងសំរឹទ្ធ ១៦គ្រឿង ដោយឈរនៅចំណាត់ថ្នាក់ល្អ ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សានានាទូទាំងប្រទេស។ ចំពោះការប្រកួតកីឡាថ្នាក់ជាតិវិញ ខេមអេដក៏បានបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួន ចូលរួមប្រកួតប្រជែងមេដាយជាមួយស្ថាប័ន-ក្រសួង និងខេត្តមួយចំនួន ដោយប្រកួតកីឡាដូចជា កីឡាគុនដាវ និង កីឡាបាល់បោះទៀតផង៕

អត្ថបទ-រូបភាព ៖ ចាន់ វិចិត្រ ជឹម ភារ៉ា

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner