សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរដ្ឋមន្ត្រីក្រសួងធនធានទឹក ជ្រើសរើសពលរដ្ឋនៅមូលដ្ឋាន ចូលធ្វើការក្នុងការដ្ឋានសំណង់ទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំទៅឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សូមយកចិត្តទុកដាក់ ក្នុងការជ្រើសរើសប្រជាពលរដ្ឋដែលស្ម័គ្រចិត្តនៅមូលដ្ឋាន ដើម្បីចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកទាំងពីរ គឺ (ទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់) ។
សម្ដេចធិបតី បានបញ្ជាក់តាមរយៈ Telegram នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ថា នៅក្នុងដំណើរចុះត្រួតពិនិត្យក្នុងតំបន់ទឹកជំនន់មួយចំនួនកាលពីចុងសប្ដាហ៍កន្លងទៅសម្ដេចបានជួបជាមួយលោកពូម្នាក់ និងក្មួយស្រីរបស់គាត់ដោយចៃដន្យពេលចុះពីលើទូក។ សម្ដេចបានអរគុណពូ និងប្អូនស្រី ដែលបានអញ្ជើញសម្ដេច និងក្រុមការងារចូលលេងក្នុងផ្ទះ ដែលផ្ដល់ឱកាសឱ្យសម្ដេចបានជជែកលេងជាមួយ និងបានសួរនាំអំពីស្ថានភាពទឹក ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅទីនេះក្នុងពេលបច្ចុប្បន្ន និងពីមុនមក ។
ជាមួយគ្នានោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជម្រាបជូនគាត់អំពីផែនការមួយចំនួនរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងភូមិស្រុករបស់គាត់រួមទាំងការកសាងទំនប់ស្ទាក់ទឹកកំពង់គោ ដែលនៅជិតនោះ ក៏ដូចគម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវឆ្លងកាត់ភូមិរបស់គាត់នៅពេលខាងមុខ។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្ដេចបានផ្តល់គោលការណ៍ទៅឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹក សូមឱ្យផ្តល់ការយកចិត្តទុកដាក់ក្នុងការជ្រើសរើសប្រជាពលរដ្ឋដែលស្ម័គ្រចិត្តនៅមូលដ្ឋាន ដើម្បីចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកទាំងពីរ (ទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់) ។
សូមជម្រាបថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យតំបន់លិចទឹកដោយទឹកជំនន់នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ព្រមទាំងពិនិត្យការដ្ឋានសាងសង់ទំនប់ទឹកកំពង់គោ និងការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់ នៅឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ៕
ដោយ ៖ វណ្ណលុក