អ៊ីរ៉ាក់ជួបបញ្ហាខ្វះខាតទឹកធ្ងន់ធ្ងរ
បរទេស៖ ដោយសារតែភាពរាំងស្ងួត បង្កឡើងពីការប្រែប្រួលអាកាសធាតុ បានបណ្តាលឲ្យប្រទេសអ៊ីរ៉ាក់ ជួបបញ្ហាខ្វះខាតទឹកប្រើប្រាស់ធ្ងន់ធ្ងរ ក្នុងនោះ តំបន់ខ្លះ ពលរដ្ឋមិនបានងូតទឹក ជាច្រើនថ្ងៃ។
នៅតំបន់ស្វយ័ត Kurdistan អណ្តូងស្ទើរតែទទេ ហើយពលរដ្ឋរង់ចាំ យ៉ាងអន្ទះសារ ពីការដឹកជញ្ជូនទឹក តាមឡាន។ កម្រិតទឹកទន្លេ Tigris និង Euphrates បានធ្លាក់ចុះ ហើយពេលនេះ អង្គការសហប្រជាជាតិ ហៅកាត់ UN បានចាត់ថ្នាក់ប្រទេសអ៊ីរ៉ាក់ថា ជាប្រទេសមួយដែលរងផលប៉ះពាល់ខ្លាំងបំផុត។
លោក Babir បាននិយាយ កាលពីចុងសប្តាហ៍ថា «គ្មានអ្វីអាក្រក់ ជាងការមិនមានទឹក នោះទេ»។ លោកថា អ្នកស្រុកពឹងផ្អែកលើទឹកក្រោមដី ដែលជាប្រភពចម្បង។ ប៉ុន្តែ ជាច្រើនឆ្នាំមកនេះ ពួកគេបានភ័យខ្លាច រដូវក្តៅ ដោយសារតែ ជាពេលជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ជាមួយនឹងការដាច់ចរន្តអគ្គិសនី ដែលនាំឱ្យម៉ាស៊ីនបូមត្រូវផ្អាកបូមទឹក ធ្វើឱ្យពួកគេដាច់ការផ្គត់ផ្គង់ទឹក។ ពួកគេត្រូវបានបង្ខំ ឱ្យពឹងផ្អែកលើទឹក ដែលដឹកតាមឡាន។
លោកថា «ជាធម្មតា យើងងូតទឹកម្តង រៀងរាល់ ពីរសប្តាហ៍»។ លោកបន្តថា ជាច្រើនឆ្នាំមកនេះ អ្នកស្រុកជាច្រើនបានដើរតាមផ្លូវជាច្រើនដង ដើម្បីទាមទារដំណោះស្រាយ ប៉ុន្តែ ការអំពាវនាវទៅកាន់មន្ត្រីទាំងនោះ បានមានការឆ្លើយតប មានប្រសិទ្ធភាពទេ។
លោក Abdul Hamid មន្ត្រីក្នុងតំបន់ បាននិយាយថា ការដាច់ចរន្តអគ្គិសនី បានប៉ះពាល់យ៉ាងខ្លាំងដល់ ម៉ាស៊ីនបូមទឹក សម្រាប់អណ្តូង នៅក្នុងតំបន់លំនៅដ្ឋាន។ លោកបានប្រាប់ AFP បន្ថែមថា មន្រ្តីកំពុងធ្វើការ ដើម្បីដោះស្រាយបញ្ហានេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត