សត្វដំរី ដើរតួនាទីដូចជាវិស្វករនៃប្រព័ន្ធអេកូឡូស៊ី និងជាអ្នកបែកខ្ញែកគ្រាប់ពូជរុក្ខជាតិក្នុងព្រៃ

(ភ្នំពេញ)៖ ដំរី គឺជាថនិកសត្វ រស់នៅជាហ្វូង មានភាពវៃឆ្លាត ហើយវាមានមាឌធំជាងគេក្នុងចំណោមសត្វលើគោកដទៃ។ នៅក្នុងធម្មជាតិ សត្វដំរីដើរតួនាទីដូចជាវិស្វករនៃប្រព័ន្ធអេកូឡូស៊ី ដោយមានមាឌធំសម្បើម ពេលវាធ្វើដំណើរ សត្វដំរីត្រួសត្រាយផ្លូវក្នុងព្រៃសម្រាប់សត្វតូចៗដទៃទៀត។ ដំរីដើរតួនាទីយ៉ាងសំខាន់ក្នុងការបែកខ្ញែកគ្រាប់ពូជនៅក្នុងព្រៃ និងត្រូវការជម្រកធម្មជាតិដែលមានទំហំធំសមរម្យដើម្បីចល័ត ស្វែងរកចំណី និងរស់រានមានជីវិត។

ទីភ្នាក់ងារជំនួយអាមេរិក USAID មរតកបៃតង នៅកម្ពុជាបានឱ្យដឹងនៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៤នេះថាមានដំរីមួយប្រភេទដែលមានឈ្មោះថា «ដំរីអាស៊ី» ជាប្រភេទសត្វជិតផុតពូជក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ និងកំពុងរងការគំរាមកំហែងពីការបាត់បង់ទីជម្រកទូទាំងពិភពលោក។

USAID មរតកបៃតងនៅតំបន់ជួរភ្នំក្រវាញកណ្តាល USAID មរតកបៃតង ដោយមានការសហការជាមួយ អង្គការអភិរក្សអន្តរជាតិកម្ពុជា Legacy Landscapes Fund និង P&G កំពុងធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា សហគមន៍មូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ដើម្បីការពារសត្វព្រៃរួមទាំងដំរីអាស៊ី និងជម្រករបស់វាតាមរយៈគម្រោងរេដបូក។

ទីភ្នាក់ងារជំនួយអាមេរិក USAIDចូលរួមការពារសត្វដំរីដែលនៅសេសសល់ ជាពិសេសការពារទីជម្រកដ៏សំខាន់របស់ពួកវាសម្រាប់ការរស់រានតទៅមុខទៀតនៃសត្វដ៏កម្រនេះ។

ដោយឡែកបើតាមលោក John Willis នាយកប្រចាំប្រទេសនៃ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ(Wildlife Alliance Cambodia)បានបញ្ជាក់ប្រាប់AMSឱ្យដឹងដែរថា៖សត្វព្រៃ និងតំបន់ទេសចរណ៍ ភ្នំក្រវាញ គឺជាជម្រករបស់សត្វដំរីអាស៊ី សត្វពង្រូល ខ្លារខិន ខ្លាឃ្មុំស្វា និងប្រភេទសត្វព្រូនផ្សេងៗ។ តំបន់ទេសចរណ៍ធម្មជាតិដែលមានមូលដ្ឋានលើសហគមន៍ជីផាត ផ្តល់នូវសកម្មភាពដូចជាការដើរលេងក្នុងព្រៃដែលមានការណែនាំ ការប្រទះឃើញសត្វព្រៃ និងបទពិសោធន៍វប្បធម៌។

ដោយឡែកបើ យោងតាមក្រសួងបរិស្ថាននាកន្លងមកបានឱ្យដឹងថា មានដំរីអាស៊ីចំនួនប្រមាណពី ៤០០ ទៅ ៦០០ ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតដែលជាតំបន់មានជីវៈចម្រុះសម្បូរបែប និងមានទីជម្រកអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner