ផ្លូវលេខ១៣៣៣ សរសៃរឈាមខេត្តកែប កំពុងទទួលបាននូវការជួសជុល
កែប៖ផ្លូវលេខ១៣៣៣ ចាប់ពីរង្វង់មូលនាងគង្ហីងភ្ជាប់មកផ្លូវជាតិលេខ៣៣ ត្រង់ចំណុចខាងកើត វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ចំការដូង ស្ថិតនៅភូមិអន្ទង់សរ ឃុំពងទឹក ស្រុក ដំណាក់ចង្អើរ ខេត្តកែប ត្រូវបានជួសជុលដោយការចាក់ក្រាលកៅស៊ូ ។កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានអញ្ជើញទៅពិនិត្យការដ្ឋានជួសជុលផ្លូវនេះ។
លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានបញ្ជាក់ថា កំណាត់ផ្លូវ១៣៣៣នេះ ចាប់ផ្តើមដំណើការ ជួសជុសដោយចាក់កៅស៊ូDBST ចាប់ពីឆ្នាំ២០១៧។ការជួសជុលជាកំណាត់ៗជារៀងរាល់ឆ្នាំ មកដល់ពេលនេះបានប្រមាណប្រាំបីគីឡូម៉ែត្រហើយ ។ដោយឡែកនៅសល់បីគឺឡូម៉ែត្រទៀត ដែលគ្រោងនឹងជួសជុលបង្ហើយនៅឆ្នាំ២០២៥ ភ្ជាប់ទៅផ្លូវជាតិលេខ៣៣ ។ លោកប្រធានមន្ទីរ បន្ថែមថាសម្រាប់ កំណាត់ផ្លូវដែលបានសាងសង់រួច មន្ទីរបានបំពាក់នូវស្លាកសញ្ញាចរាចរណ៍ សញ្ញានាំផ្លូវ រួមទំាង សំណង់សិល្បការ្យអម ជាច្រើនកន្លែង រួមទាំងប្រឡាយរំដោះទឹកប្រវែងជាង៣០០០ម៉ែត្រ ផងដែរ។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនេះឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាជូនចំពោះប្រជាពលរដ្ឋ ដែលជានិច្ចកាល សម្តេចតែងគិតគូរចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី។ឯកឧត្តមអភិបាលខេត្ត ក៏បានអបអរសាទរ ចំពោះសមិទ្ធផលផ្លូវក្រាលកៅស៊ូ ដ៏ថ្មីសន្លាង ជាចំណងដៃជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិ ចំការចេក ភូមិចំការបី និងភូមិអន្ទង់សរឃំពងទឹកស្រុកដំណាក់ចង្អើរ ខេត្តកែប ។ឯកឧត្តមបន្តថា បើទោះបីពុំទាន់រួចរាល់ជាស្ថាពរក្តី តែបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផលមកកាន់ទីផ្សារ ការធ្វើដំណើរទៅសាលារៀន ឬមន្ទីរពេទ្យកាន់តែងាយស្រួល។ ជាពិសេស ជាសរសៃឈាមតភ្ជាប់ វិស័យទេសចរណ៍ ឆ្នេរសមុទ្រ មកកាន់តំបន់អេកូទេសចរណ៍ និងកសិទេសចរណ៍ ដ៏សំខាន់នៃតំបន់ ភ្នំវល្លិ៍នេះ ដែលនឹងជួយលើកស្ទួយសេដ្ឋកិច្ច និងកម្រិតជីវភាពប្រជាជន៕
ដោយ៖ សិលា សារិន