ក្រុមហ៊ុនផលិតសព្វាវុធអាល្លឺម៉ង់កើនប្រាក់ចំណេញទ្វេដង ដោយសារសង្គ្រាមអ៊ុយក្រែន
ប៊ែរឡាំង៖ Rheinmetall ដែលជាក្រុមហ៊ុនផលិតលក់សព្វាវុធឈានមុខគេរបស់ប្រទេសអាល្លឺម៉ង់ប្រកាសថា ខ្លួនកើនឡើងប្រាក់ចំណេញស្ទើរតែទ្វេដង នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ជាមួយនឹងការបញ្ជាទិញជាង ៥០ពាន់លានដុល្លារ។
ក្រុមហ៊ុន Rheinmetall បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់យោធូបករណ៍នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤នេះ បានកើនឡើងមួយភាគបីដល់ ៤.១៤ពាន់លានដុល្លារ។
ដោយឡែក ប្រាក់ចំណេញប្រតិបត្តិការរបស់ ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង Dusseldorf ប្រទេសអាល្លឺម៉ង់នេះ ក៏បានកើនឡើងចំនួន ៩១ភាគរយដល់ ៤៤០លានដុល្លារផងដែរ។
បើតាមក្រុមហ៊ុន Rheinmetall សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឱ្យដំណើរការអាជីវកម្មរបស់ខ្លួនប្រសើរឡើងគួរឱ្យកត់សម្គាល់។
សេចក្តីថ្លែងការណ៍ដដែលបន្តថា សៀវភៅបញ្ជាទិញរបស់ក្រុមហ៊ុន Rheinmetall ឥឡូវនេះមានតម្លៃ ៥៣ពាន់លានដុល្លារ។
ជាមួយគ្នានេះ ក្រុមហ៊ុន Rheinmetall បានរំពឹងថា ការធ្វើអាជីវកម្មជាមួយកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ និងប្រទេសជាដៃគូនៅក្នុងសហភាពអឺរ៉ុប និងអង្គការណាតូ រួមជាមួយនឹងការផ្តល់ជំនួយដល់អ៊ុយក្រែន នឹងបន្តកាន់តែប្រសើរឡើងថែមទៀត។
បច្ចុប្បន្ន Rheinmetall កំពុងសាងសង់រោងចក្រថ្មីមួយនៅរដ្ឋ Lower Saxony ដែលត្រូវបានគេរំពឹងថា នឹងផលិតគ្រាប់កាំភ្លើងធំប្រហែល ១០០.០០០គ្រាប់ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំទីពីរនៃប្រតិបត្តិការរបស់ខ្លួនតទៅ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា