អភិបាលរងរាជធានីភ្នំពេញ៖ កិច្ចសហការជំរុញពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌រវាងភ្នំពេញ-សានថូវ នឹងរួមចំណែកពង្រឹង និងពង្រីកផ្នែកធុរកិច្ច និងវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា កិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលទីក្រុងសានថូវ ប្រទេសចិន នឹងរួមចំណែកក្នុងការស្វែងរកកាលានុវត្តភាពថ្មី សម្រាប់ពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការផ្នែកធុរកិច្ច និងវិនិយោគនៅកម្ពុជា ពិសេសផ្តោតសំខាន់លើវិស័យទេសចរណ៍ អចលទ្រព្យ ហេដ្ឋារចនា សម្ព័ន្ធរូបវន្ត សេវាកម្ម វាយនភណ្ឌ ពាណិជ្ជកម្ម និងឧស្សាហកម្មមួយចំនួនទៀត។
នេះជាការលើកឡើងរបស់ឯកឧត្តម សេង វណ្ណៈ ក្នុងឱកាសអញ្ជើញជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកម្មវិធីសន្និសីទជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌រវាង រដ្ឋបាលរាជធានីភ្នំពេញ នៃកម្ពុជា និងរដ្ឋបាលទីក្រុងសានថូវ ខេត្តក្វាងតុង នៃចិន នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅសាលបុរីកោះពេជ្រ ខណ្ឌចំការមន ។
ឯកឧត្តម សេង វណ្ណៈ មានប្រសាសន៍ថា បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងខិតខំពន្លឿនការអភិវឌ្ឍដោយផ្តោតយ៉ាងសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ដែលសមិទ្ធផលទាំងអស់នេះ បានបង្កើននូវទំនុកចិត្តពីសំណាក់អ្នកវិនិយោគ ពាណិជ្ជករ និងធុរជន ឱ្យចូលមកបណ្តាក់ទុនធ្វើអាជីវកម្ម ក្នុងរាជធានីភ្នំពេញកាន់តែច្រើនឡើងៗ ហើយបានធ្វើឱ្យទីក្រុងនេះ ក្លាយទៅជាប៉ូលសេដ្ឋកិច្ចដ៏ធំប្រកបដោយភាពទាក់ទាញ និងស្ថិតក្នុងក្រសែភ្នែក របស់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស។
ឯកឧត្តមអភិបាលរង ក៏បានលើកទឹកចិត្តដល់វិនិយោគិន ពាណិជ្ជករ និងធុរជន ដែលមានវត្តមានក្នុងអង្គសន្និសីទនេះ ពិសេស គណៈប្រតិភូទីក្រុងសានថូវ នៃសាធារណរដ្ឋប្រជាមានិតចិន គួរធ្វើការសិក្សា ពិនិត្យលទ្ធភាព និងចាប់យក កាលានុវត្តភាពវិនិយោគនៅកម្ពុជា ឱ្យបានឆាប់រហ័ស ក្នុងបរិការណ៍សេដ្ឋកិច្ចប្រកបដោយភាពអនុគ្រោះខ្ពស់ ពិសេសចំពោះមុខ រាជធានីភ្នំពេញ មានតម្រូវការវិនិយោគលើ វិស័យធំៗដូចជា ៖ ទេសចរណ៍ កសិឧស្សាហកម្ម សុខាភិបាល អចលនទ្រព្យដែលមានគុណភាព និងវិស័យហេដ្ឋារចនាសម្ព័ន្ធ រូបវន្តសម្រាប់តភ្ជាប់ប៉ូលសេដ្ឋកិច្ចរវាងទីក្រុងភ្នំពេញ និងខេត្តជនបទ និងរវាងទីក្រុងភ្នំពេញ ជាមួយនិងទីក្រុង នៃប្រទេស ក្បែរខាង តាមអ័ក្សសេដ្ឋកិច្ច ភ្នំពេញ-បាងកក ភ្នំពេញ-ហូជីមិញ ភ្នំពេញ-វៀងចន្ទន៍ ភ្នំពេញ-គុណមិញ ជាដើម ។
ឯកឧត្តម សេង វណ្ណៈ បានបញ្ជាក់ដែរថា កម្មវិធីនេះ គឺស្របតាមគំនិតផ្តួចផ្តើមស្តីពីយុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលមិនត្រឹមតែជាគន្លឹះក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងចំនួនភ្ញៀវទេសចរណ៏ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការគិតគូរវែងឆ្ងាយ សំដៅលើកកម្ពស់ការតភ្ជាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងរាជធានីភ្នំពេញ និងទីក្រុងសានថូវ ទៅថ្ងៃអនាគត ។
អ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងថា សន្និសីទជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌រវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលទីក្រុងសានថូវ នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយនិងការចុះហត្ថលេខាលើលិខិតបញ្ជាក់សុច្ឆន្ទៈ ស្តីពីការជំរុញការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការរាជធានីភ្នំពេញ និងទីក្រុងសានថូវនាពេលនេះ នឹងជម្រុញឱ្យសេដ្ឋកិច្ច នៃប្រទេសទាំងពីរ កើនឡើង ពិសេស និងធ្វើឱ្យអ្នកវិនិយោគចិន មករកស៊ីនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញកាន់តែច្រើន ដែលធ្វើឱ្យប្រទេសទាំងពីរ ឈ្នះរួមគ្នា។
សូមជម្រាបថា ពិធីនេះ ក៏មានការចូលរួមពីលោក ជិន ឆុង អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា, លោក មិន បានពីង លេខាគណៈកម្មាធិការបក្សទីក្រុងសានថូវ នៃសាធារណរដ្ឋប្រជាមានិតចិន, លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ព្រមទាំងគណៈប្រតិភូ មកពីទីក្រុងសានថូវ វិនិយោគិន ធុរជន និងពាណិជ្ជករជាច្រើនទៀត ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ និង ហេង សម្បត្តិ