គយ បង្ក្រាប និងដុតបំផ្លាញចោលសាច់បង្កកខូចគុណភាពជាងប្រាំមួយតោននៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖សាច់បង្កកទម្ងន់ជាងប្រាំមួយតោននត្រូវបានកម្លាំងមន្ត្រីសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺបានដុតបំផ្លាញចោលកាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីបង្រ្កាបបានកាលពីវេលាម៉ោង៩យប់ថ្ងៃទី១១ ខែសីហាស្ថិតក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោក ឈួន ហៃ ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺបានឱ្យដឹងថា មន្ត្រីគយនិងរដ្ឋាករសហការជាមួយកម្លាំងកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ បង្រ្កាបរថយន្តដឹកទំនិញពាក់ផ្លាកលេខ ភ្នំពេញ 2BS-3550 ដឹកសាច់បង្កកក្នុងទិសដៅពីរាជធានី ភ្នំពេញទៅខេត្តព្រះសីហនុ នៅវេលាម៉ោងជាង៩យប់ ថ្ងៃទី១១ ខែសីហានៅចំណុចគីឡូម៉ែត្រលេខ K31+800ស្ថិតនៅភូមិ ជ្រលងថ្កូវ ឃុំរលាំងចេក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។រថយន្តបានបែកកង់ក្រឡាប់ចាក់ទំនិញជាសាច់បង្កករាយនៅពេញផ្លូវ ។
ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺបានបន្តថាក្រោយកើតហេតុមន្រ្តីគយក៏បានស្នើសុំកិច្ចសហការពីមន្រ្តីនគរ បាលចរាចរណ៍នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ:ដែលប្រចាំការលើផ្លូវល្បឿនលឿនដើម្បី រៀបចំសណ្ដាប់ធ្នាប់។
លោកបន្តថា សាច់បង្កកដែលផ្ទុកក្នុងរថយន្តខាងលើបានផ្ទេរដាក់លើរថយន្តផ្សេង ហើយនាំយកមកសាខាគយនិងរដ្ឋាករ ខេត្តកំពង់ស្ពឺ ដោយអនុវត្តនីតិវិធីជាធរមាន។ទំនិញជាសាច់បង្កកបានចំនួន១៤មុខ ក្នុងនោះមាន៖១-ពងត្រីបង្កកចំនួន ១០០កេស,២-ប្រហិតសាច់មាន់បំពងម្សៅចំនួន៤០កេស,៣-ប្រហិតSHENGLONGចំនួន ៤៥កេស,៤-ប្រហិតបន្ទះសាច់ មាន់បំពងម្សៅចំនួន៤៦កេស,៥-សាច់មាន់ចង្កាក់ប្រឡាក់គ្រឿងចំនួន២៤កេស,៦-ឈាមទាចំនួន៤៩កេស,៧-ពោះគោ ចំនួន៥កេស,៨-ព្រុយត្រីសាម៉ុន ចំនួន៤កេស,៩-កន្ទុយជ្រូកចំនួន២៤កេស,១០-សាច់មាន់ចំនួន២៩កេស,១១-សាច់គោ ចំនួន៤០កេស,១២-ក្រលៀនគោចំនួន២កេស,១៣-ពោះវៀនជ្រូកចំនួន១០កេសនិង១៤-ឆ្អឹងជំនីជ្រូកចំនួន២០កេស។ សរុបចំនួន៤៣៨ កេសស្មើនឹង៦១៩៩គីឡូក្រាម។
ក្រោយកិច្ចសហការពីមន្ត្រីជំនាញក.ប.ប បានពិនិត្យឃើញថា សាច់បង្កកបានទាំង១៤មុខខាងលើមន្រ្តីក.ប.បបានពិសោធន៍ បញ្ជាក់ថា សាច់បង្កកខាងលើខូចគុណភាពមិនអាចឱ្យចរាចរណ៍ លើទីផ្សារឡើយ។សាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ ,មន្រ្តីជំនាញ ក.ប.ប និងកម្លាំងកងរាជហត្តខេត្តកំពង់ស្ពី និង សមត្ថកិច្ច ពាក់ព័ន្ធ សម្រេចដុតកម្ទេចចចោលតែម្តង និងដោយមានការចូលរួមពីអាជ្ញាធរដែនដី ៕
ដោយ៖ ម៉ុន សំអាត