លោកខាងលិច និងអឺរ៉ុបប្រាប់អ៊ីរ៉ង់ឱ្យទម្លាក់ចោលការគំរាមវាយប្រហារអ៊ីស្រាអែល
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអ៊ឺរ៉ុប កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យអ៊ីរ៉ង់បោះបង់ចោលការគំរាមវាយប្រហារអ៊ីស្រាអែល ខណៈមានការព្រួយបារម្ភថា ការសងសឹកនេះអាចនឹងបង្កឱ្យមានសង្រ្គាមដ៏ធំនៅតំបន់មជ្ឈិមបូព៌ា។
អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តនៅលីបង់របស់ខ្លួន គឺ Hezbollah បានប្តេជ្ញាសងសឹកអ៊ីស្រាអែល
ដើម្បីឆ្លើយតបនឹងការសម្លាប់មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស នៅទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ និងមេបញ្ជាការក្រុម Hezbollah នៅទីក្រុងបេរូត ប្រទេសលីបង់។
ក្នុងគោលបំណងទប់ស្កាត់ផ្ទុះសង្គ្រាមធំនៅមជ្ឈិបូព៌ា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងមេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី និងអង់គ្លេស បានព្រមានអ៊ីរ៉ង់ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃចន្ទ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះ មេដឹកនាំអាមេរិក និងអឺរ៉ុបបានអំពាវនាវឱ្យអ៊ីរ៉ង់បញ្ឈប់ការគំរាមកំហែងការវាយលុកយោធាប្រឆាំងនឹងអ៊ីស្រាអែល ហើយបានពិភាក្សាអំពីផលវិបាកធ្ងន់ធ្ងរសម្រាប់សន្តិសុខក្នុងតំបន់ ប្រសិនបើការវាយប្រហារបែបនេះកើតឡើងនោះ។
សេតវិមានបានព្រមានថា កងកម្លាំងអ៊ីរ៉ង់ និងដៃជើងរបស់ខ្លួន អាចនឹងបើកការវាយប្រហារដ៏ធំមួយភ្លាមៗនៅសប្តាហ៍នេះ ហើយថា អ៊ីស្រាអែលក៏បានទទួលស្គាល់ការអះអាងនេះផងដែរ។
ដោយឡែក ទាំងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ក៏បានអំពាវនាវឱ្យប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បន្ធូរបន្ថយស្ថានការណ៍តានតឹងផងដែរ។ ប៉ុន្តែលោក Pezeshkian បាននិយាយកាលពីថ្ងៃចន្ទហើយថា ប្រទេសរបស់គាត់មានសិទ្ធិពេញលេញ ក្នុងការឆ្លើយតបទៅនឹងអ្នកឈ្លានពាន៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា