ទូតចិន បន្តគាំទ្រកម្ពុជា ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ ស្របតាមលក្ខខ័ណ្ឌជាតិ​របស់ខ្លួន

(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅវិមាន​ព្រឹទ្ធសភា ឯកឧត្តម WANG Wenbin ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ ពីការប្តេជ្ញាបន្តគាំទ្រកម្ពុជា ក្នុងការជ្រើសរើស​មាគ៌ាអភិវឌ្ឍន៍ ស្របតាមលក្ខខ័ណ្ឌជាតិរបស់ខ្លួន ក៏ដូចជា ក្នុងការសម្រេចបាននូវគោល​ដៅឱ្យក្លាយ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងជាប្រ​ទេស​​មានចំណូលខ្ពស់នៅឆ្នាំ ២០៥០ផងដែរ។ នេះបើតាមលទ្ធផលនៃជំនួប បន្ទាប់ពី។

ក្នុងជំនួបនោះ ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ថា ការតែងតាំងឯកអគ្គរដ្ឋ​ទូតថ្មី ក្នុងរយៈពេលដ៏ខ្លីនេះ គឺបានបង្ហាញពីការ យកចិត្តទុដាក់ខ្ពស់ពីសំណាក់មិត្តចិន ចំពោះទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ជា មួយកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម អនុប្រធានទី១ ព្រឹទ្ធសភាបានគូសបញ្ជាក់ផងដែរថា ទំនាក់ទំនង ទ្វេភាគីក៏ត្រូវបានពង្រឹងនិងពង្រីកថែមទៀតតាម រយៈការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អនុ ប្រធានទី១ ដែលបានអនុញ្ញាតិឱ្យ ឯកឧត្តម និងសហការីចូលជួបសម្តែងការគួរសម និងបានសង្កត់ធ្ងន់ថា ឯកឧត្តម ប្រាក់ សុខុន គឺជាមិត្ត ចាស់ និងជាមិត្តល្អ របស់ប្រជាជនចិន។

ឯកឧត្តមឯកអគ្គរដ្ឋទូតមានប្រសាសន៍ថា ឯកឧត្តម ប្រាក់ សុខុន បានរួមចំណែក​យ៉ាងធំធេងក្នុងការជំរុញនិងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនកន្លងមក ដែលធ្វើឱ្យចំណងមិត្តភាពរវាង ប្រទេសទាំងពីរ ឆ្ពោះទៅកម្រិតថ្មីមួយប្រកបដោយ សក្តានុពលខ្ពស់។ ក្នុងនាមជា ឯកអគ្គរដ្ឋទូត ឯកឧត្តម ប្តេជ្ញានឹងជំរុញ ទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តម អនុប្រធានទី១ ព្រឹទ្ធសភា និង ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានឯកភាពគ្នា វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាង​ប្រទេសទាំងពីរលើ​គ្រប់វិស័យ ក្នុងនោះទំហំពាណិជ្ជកម្ម ទ្វេភាគីសម្រេចបាន ជាង ១៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៣កន្លងទៅនេះ។

ឯកឧត្តម អនុប្រធានទី១ បានបន្តថា ចិន គឺជាប្រទេសឈានមុខគេ ក្នុងនាមជាដៃគូវិនិយោគ ជាដៃគូពាណិជ្ជកម្ម និងជាអ្នកផ្តល់ជំនួយខាងអភិវឌ្ឍន៍ ដែលទាំងនេះបានរួមចំណែកពង្រឹងឯករាជ្យភាពកម្ពុជា ទាំងផ្នែកសេដ្ឋកិច្ចនិងនយោបាយ។ បន្ថែមពីលើក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ប្រទេសទាំងពីរ ក៏បានឯកភាពគ្នាក្នុងការបង្កើតឱ្យមាន ច្រករបៀងពីរគឺ ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា និងច្រករបៀងមច្ឆានិងអង្ករ ដើម្បីជំរុញទំហំពាណិជ្ជកម្មសរុប ឱ្យសម្រេចបាន ១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥ ដូចដែលបានគ្រោងទុក។

ឯកឧត្តម ប្រាក់ សុខុន ក៏បានលើកឡើងអំពីវិស័យទេសចរណ៍ ដែលទេសចរចិនមកកម្ពុជាធ្លាប់ឈរនៅ លំដាប់លេខរៀងទី១ មុនពេលវិបត្តិកូវីដ-១៩ ហើយឆ្នាំនេះផងដែរក៏ជាឆ្នាំ នៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃ ប្រទេសទាំងពីរ ដូចនេះសង្ឃឹមថា ចំនួនទេសចរចិនមកកម្ពុជានឹងកើនឡើងជាលំដាប់ ជាពិសេស បន្ទាប់ពីការចេញផ្សាយវីឌីអូឃ្លីបខ្លីៗរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលនឹងជួយផ្សព្វផ្សាយ សារ វិជ្ជមានបន្ថែមទៀតដល់ប្រជាជនចិន។

ឯកឧត្តម អនុប្រធានទី១ ក៏បានគូសបញ្ជាក់អំពីកិច្ច សហប្រតិបត្តិការល្អនិងការគាំទ្ររបស់ចិន ក្នុងវិស័យសំខាន់ៗដូចជា វិស័យសន្តិសុខនិងការពារជាតិ ក៏ដូចជាក្នុងផ្នែកសង្គម-វប្បធម៌ជាដើម។

ឯកឧត្តម អនុប្រធានទី១ ព្រឹទ្ធសភាក៏បានបន្ថែមថា កម្ពុជាប្រកាន់ខ្ជាប់គោលការណ៍ «ចិនតែមួយ» និង ចាត់ទុកបញ្ហាផ្ទៃក្នុងផ្សេងៗទៀតស្ថិតនៅក្រោមដែនអធិបតេយ្យ​ភាពរបស់ចិន ហើយនឹងបន្តគាំទ្រគំនិត ផ្តួចផ្តើមនានារបស់ចិន រួមមាន គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI), គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI), គំនិតផ្តួចផ្តើម អរិយធម៌សកល (GCI) ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner