សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងទទួលថវិកាជាង ១៣ ម៉ឺនដុល្លារ ពីការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានកិត្តិយសសាខាកាកបាទក្រហម ខេត្តកំពង់ឆ្នាំងបានអញ្ជើញចូលរួមក្នុងទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមក្រោមប្រធានបទ”រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍ មានសុខភាពល្អ និងមានភាពធន់និងអាកា
សធាតុ ” ដែលរៀបចំនៅសាលាខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនេះឯកឧត្តម អ៊ុក រ៉ាប៊ុន បានរំលឹកពីប្រវត្តិកាកបាទក្រហមអន្តរជាតិនិងអឌ្ឍចន្ទក្រហមចាប់បដិសន្ធិឡើ នៅថ្ងៃទី ៨ ខែឧសភាឆ្នាំ ១៩៦៣ ក្រោមគំនិតផ្តួចផ្ដើមបង្កើតអង្គការនេះដោយលោក ហង់រី ឌុយណង់ ជនជាតិស្វីសជាពាណិជ្ជករមួយរូប ។ សម្រាប់ប្រទេសកម្ពុជាកាកបាទក្រហមកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ។ឯកឧត្តមទេសរដ្ឋមន្ត្រីបានផ្ដាំផ្ញើដល់មន្ត្រីសាខាកាកបាទក្រហម ខេត្តកំពង់ឆ្នាំង និងអនុសាខាកាកបាទក្រហមទាំងអស់ ត្រូវយកចិត្តទុកដាក់ ធ្វើការងារមនុស្សធម៌ប្រកបដោយតម្លាភាពដោយឈរលើគោលការណ៍គ្រឹះមិនរើសអើង អព្យាក្រឹត ឯករាជ្យ មានឆន្ទៈស្ម័គ្រចិត្តនិងប្រកបដោយក្រមសីលធម៌ ។
ចំណែកឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងបានរាយការណ៍អំពីសកម្មភាពរបស់សាខា និងអនុសាខា ដែលបានអនុវត្តក្នុងរយៈពេលកន្លងមក និង ទិសដៅការងារ ដែលត្រូវអនុវត្តបន្ត ។
ជាចុងក្រោយឯកឧត្តមបានប្រកាសពីលទ្ធផលថវិកាដែលទទួលបានពីសប្បុរសជនសរុបចំនួន ១៣៨ ៣៣៤ដុល្លារអាមេរិក ក្នុងនោះអនុសាខា ក្រុង.ស្រុក បានចំនួន ៧២ ២២០ ដុល្លារ និងថវិកាសាខាចំនួន ៥៩ ៩៣៥ ដុល្លារ៕
ដោយ៖សុខ គឹមសៀន