អភិបាលខេត្តកំពង់ចាម ចុះពិនិត្យនិងដោះស្រាយទឹកជូនកសិករជាង៣០០ ហិកតា
កំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារមន្ត្រីជំនាញ ចុះពិនិត្យនិងដោះស្រាយកង្វះទឹកដើម្បីស្រោចស្រពស្រូវជូនប្រជាពលរដ្ឋជាង ៣០០ ហិកតា ក្នុងឃុំចំនួនបួន នៃស្រុកជើងព្រៃ រួមមាន ឃុំត្រពាំងគរ ឃុំស្តើងជ័យ ឃុំសំពងជ័យ និងឃុំព្រីងជ្រុំ ដែលកំពុងជួបកូនរដូវប្រាំង និងខ្វះទឹកស្រោចស្រព។
ឃុំទាំងបួនក្នុងស្រុកជើងព្រៃមាន ស្រូវស្រែចំនួន៣២៧ ហិកតា កំពុងរងផលប៉ះពាល់ខ្វះទឹកស្រោចស្រព។ ក្នុងនោះ ស្រូវខូចខាតប្រមាណជា ៤០ហិកតា ។
ពាក់ព័ន្ធទៅនឹងកង្វះទឹកស្រោចស្រពដំណាំស្រូវ ឯកឧត្តមអភិបាលខេត្តបានសម្រេចឱ្យបើកប្រភពទឹកចេញពីតំបន់ទឹកឆា ក្នុងស្រុកព្រៃឈរ និងឱ្យធ្វើការស្ដារប្រឡាយចាស់ៗ ដើម្បីសម្រួលឱ្យទឹកហូរមកដល់តំបន់ឃុំទាំងបួនខាងលើ។ ចំពោះតំបន់ដែលមានស្រូវខូចខាត អាជ្ញាធរខេត្តបានត្រៀមស្រូវពូជ សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋធ្វើការដាំដុះឡើងវិញ។
ក្នុងថ្ងៃដដែលនេះដែរ ឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរចុះពិនិត្យ នៅទីតាំងឃុំសណ្ដែក ក្នុងស្រុកបាធាយ ដែលជាតំបន់ខ្វះទឹកផងដែរ ៕
ដោយ៖លីពៅ