យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រកាសប្រឆាំងដាច់ខាតចំពោះការញុះញង់ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់
កំពង់ធំ៖ យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រកាសប្រឆាំងដាច់ខាតចំពោះការញុះញង់ប៉ុនប៉ង ផ្ដួល រំលំរាជរដ្ឋាភិបាលស្របច្បាប់ និងចាត់វិធានការបង្ក្រាប និងកម្ទេចរាល់ឧបាយកលបំផ្លាញសុខសន្តិភាពរបស់ប្រជាជនកម្ពុជា ។
ការប្រកាសនេះ ធ្វើឡើងក្នុងឱកាសឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយ សភាពការណ៍ថ្មីៗកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង បន្ទាប់ពីថ្មីៗនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បានអំពាវនាវ និងបំផុសញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបោះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងចេតនាបំបែកបំបាក់ និងបំផ្លាញសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា ។
ក្នុងឱកាសនេះ ឧត្ដមសេនីយ៍ទោសោម ស៊ុន តំណាងឱ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវសេចក្តីថ្លែងការណ៍ របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ ដោយបានចេញសេចក្ដីថ្លែងការណ៍ប្តេជ្ញាការពារឱ្យខាងតែបានដាច់ខាត នូវសុខសន្តិភាព ស្ថេរភាពជាតិ និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាជនកម្ពុជារាប់លាននាក់ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់បន្ថែមថា ការញុះញង់ប៉ុនប៉ងបង្កចលាចលផ្ដួលរំលំរាជរដ្ឋា ភិបាលស្របច្បាប់ ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើស ច្បាប់ ហើយកងយោធពលខេមរភូមិន្ទ ត្រូវតែបង្ក្រាប និងកម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនាបំផ្លាញជាតិបំផ្លាញសន្តិភាព ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះបីក្នុងរូបភាពណាក៏ដោយ ៕
ដោយ៖ ប៊ុន រដ្ឋា