អ៊ីរ៉ង់ច្រានចោលការអំពាវនាវរបស់លោកខាងលិច ឱ្យឈប់គំរាមវាយលុកអ៊ីស្រាអែល
តេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ បានទាត់ចោលការអំពាវនាវរបស់មេដឹកនាំលោកខាងលិច ឱ្យខ្លួនបោះបង់ចោលការគំរាមសងសឹកអ៊ីស្រាអែល ចំពោះការសម្លាប់មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស លោល Ismail Haniyeh នៅទីក្រុងតេហេរ៉ង់ កាលពីចុងខែមុន។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani បាននិយាយថា សេចក្តីប្រកាសរបស់បារាំង អាល្លឺម៉ង់ និងអង់គ្លេស ដែលមិនជំទាស់នឹងឧក្រិដ្ឋកម្មអន្តរជាតិនៃរបប អ៊ីស្រាអែល បានស្នើសុំឱ្យអ៊ីរ៉ង់បោះបង់ចោលការសងសឹកប្រទេស ដែលបានរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។
លោក Kanani បន្ថែមថា សំណើបែបនេះ ខ្វះតក្កវិជ្ជានយោបាយ នៅចំពោះមុខគោលការណ៍ និងវិធាននៃច្បាប់អន្តរជាតិ ហើយបង្កើតជាការគាំទ្រជាសាធារណៈ និងជាក់ស្តែងដល់អ៊ីស្រាអែល។
អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន បានស្តីបន្ទោសអ៊ីស្រាអែល ចំពោះការសម្លាប់លោក Haniyeh ខណៈដែលគាត់បានទៅបំពេញទស្សនកិច្ចនៅទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី៣១ ខែកក្កដា ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian។
បច្ចុប្បន្ន អ្នកការទូតលោកខាងលិចបានព្យាយាមបញ្ចៀសការផ្ទុះសង្គ្រាមធំមួយនៅមជ្ឈិមបូព៌ា ចំពេលមានភាពតានតឹងកើនឡើងខ្ពស់រួចទៅហើយ ដោយសារសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសនៅហ្គាហ្សា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា