រលកកំដៅឆក់យកជីវិតមនុស្សជិត ៥ម៉ឺននាក់នៅអឺរ៉ុបក្នុងឆ្នាំ២០២៣
ព្រុចសែល៖ ការសិក្សាមួយបានចេញផ្សាយនាពេលថ្មីៗនេះថា សីតុណ្ហភាពខ្ពស់ដែលអ្នកវិទ្យាសាស្ត្រនិយាយថា កំពុងកាន់តែអាក្រក់ដោយសារការបំភាយកាបូន ដែលជំរុញដោយសកម្មភាពមនុស្ស បានបណ្តាលឲ្យមនុស្សជិត ៥០.០០០នាក់ស្លាប់នៅអឺរ៉ុបកាលពីឆ្នាំ ២០២៣។
ការសិក្សាផ្នែកសុខភាពសកលរបស់វិទ្យាស្ថាន Barcelona បានប៉ាន់ប្រមាណថា មនុស្ស ៤៧.៦៩០នាក់បានស្លាប់ ដោយសាររលកកំដៅ ក្នុងកំឡុងឆ្នាំ ២០២៣ ជាឆ្នាំក្តៅបំផុតទីពីររបស់អឺរ៉ុបនៅក្នុងកំណត់ត្រា។
ក្នុងមួយទសវត្សរ៍កន្លងទៅនេះ មានតែឆ្នាំ ២០២២ប៉ុណ្ណោះ ដែលមានមនុស្សស្លាប់ច្រើនជាងគេ ដោយរបាយការណ៍ប្រចាំឆ្នាំបានរកឃើញថា មានជនរងគ្រោះបាត់បង់ជីវិតដោយសាររលកកម្ដៅក្តៅខ្លាំងជាង ៦០.០០០០នាក់។
នៅក្នុងទិនានុប្បវត្តិ Nature Medicine ការសិក្សានេះបានយកតាមកំណត់ត្រាសីតុណ្ហភាព និងការស្លាប់មកពីប្រទេសចំនួន៣៥ នៅទូទាំងទ្វីបអ៊ឺរ៉ុប។ តាមរយៈការសិក្សានេះ មនុស្សវ័យចំណាស់គឺប្រឈមនឹងហានិភ័យខ្ពស់បំផុត តួយ៉ាង ប្រទេសនៅអឺរ៉ុបខាងត្បូងបានទទួលរងផលប៉ះពាល់ខ្លាំងជាងគេដោយសាររលកកំដៅ។
បារតវាស់សីតុណ្ហភាពបានឡើងដល់ ៤៤អង្សាសេ នៅថ្ងៃទី១៨ ខែកក្កដា នៅស៊ីស៊ីលី ។ របាយការណ៍ដដែលបានដាស់តឿនថា តួលេខនេះ គឺជាការប៉ាន់ប្រមាណ ដោយបន្ថែមថា ខ្លួនមានទំនុកចិត្ត ៩៥ភាគរយថា អត្រាមរណៈគឺស្ថិតនៅចន្លោះពី ២៨.៨៥៣នាក និង ៦៦.៥២៥។
ប៉ុន្តែរបាយការណ៍នេះក៏បានរកឃើញផងដែរថា ការស្លាប់ដោយសាររលកកំដៅ នឹងកើនឡើង ៨០ភាគរយ ប្រសិនបើមិនមែនផែនការសកម្មភាពរបស់រដ្ឋាភិបាលអឺរ៉ុបក្នុងសតវត្សទី២ ដើម្បីសម្របខ្លួនទៅនឹងរដូវក្តៅក្តៅខ្លាំង។
របាយការណ៍នេះទៀតសោត ក៏បានបង្ហាញពីភាពបន្ទាន់សម្រាប់យុទ្ធសាស្ត្រដែលមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីកាត់បន្ថយអត្រាមរណភាពនៅក្នុងរដូវក្តៅដែលកាន់តែក្តៅនាពេលខាងមុខ និងវិធានការសកម្មបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅផែនដី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


