ឯកឧត្តម អ៊ាង សុផល្លែត បានណែនាំឱ្យមន្ទីរបរិស្ថានរាជធានីភ្នំពេញ យកចិត្តទុកដាក់ អនុវត្ត “យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨” របស់ក្រសួងបរិស្ថានឱ្យ ទទួលបានជោគជ័យ
ភ្នំពេញ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំឱ្យមន្ទីរបរិស្ថានរាជធានីភ្នំពេញ យកចិត្តទុកដាក់ខិតខំអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតសំខាន់ លើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ជាពិសេសចូលរួមអនុវត្ត “យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨” របស់ក្រសួងបរិស្ថានឱ្យ ទទួលបានជោគជ័យ និងបន្តរួមគ្នាលើកកម្ពស់អនាម័យ-បរិស្ថាន និងសោភ័ណភាពទីក្រុង។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាលនិងសួរសុខទុក្ខជាមួយមន្ត្រីរាជការមន្ទីរបរិស្ថានរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរបរិស្ថានរាជធានីភ្នំពេញ ។
លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញបានលើកឡើងថា៖ មន្ទីរបរិស្ថានរាជធានីភ្នំពេញបានបង្កើតឡើងនៅឆ្នាំ១៩៩៣ មាន៧ការិយាល័យនិងមានមន្ត្រីបម្រើការងារចំនួន ៥៣រូប ស្រី៨រូបនិងមន្រ្តីស្ម័ក្រចិត្ត ១រូប ។ ចាប់ពីថ្ងៃទី១៥ ឧសភា រហូតមកដល់បច្ចុប្បន្នយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មន្ទីរបរិស្ថានរាជធានីភ្នំពេញ បានចលនាឱ្យមានការចូលរួមពីខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ បាន១០០%។
ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យ មន្ទីរបរិស្ថានរាជធានីភ្នំពេញ ត្រូវជំរុញការផ្សព្វផ្សាយបរិស្ថាន ឱ្យបាន ជ្រួតជ្រាបកាន់តែទូលំទូលាយ ទៅក្នុងស្រទាប់មហាជន ជាពិសេសសិស្ស-និស្សិត ឱ្យស្រឡាញ់បរិស្ថាន និងមានស្មារតីចូលរួមក្នុងកិច្ចគាំពារបរិស្ថាន តាមរយៈយុទ្ធនាការ និងការបង្កើតកម្មវិធីផ្សេងៗ។ លើសពីនេះ ត្រូវរួមគ្នាទប់ស្កាត់ ឱ្យខានតែបាននូវចរន្តប្រឆាំង ដែលមាននិន្នាការបង្កចលាចលសង្គម ក្រោមរូបភាពការពារបរិស្ថាន និងការពារធនធានធម្មជាតិ ឬ រូបភាពផ្សេងៗ ដោយត្រូវមានភាពបុរេសកម្មក្នុងការឆ្លើយបំភ្លឺ និងចាត់វិធានការ ឱ្យបានទាន់ពេលវេលា និងម៉ឺងម៉ាត់បំផុត។
ឯកឧត្តមបណ្ឌិត បានបន្តែមថា ៖ សម្រាប់ក្រសួងបរិស្ថានក៏បានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការពារដែនដីរបស់យើងផងដែរ ដោយយើងបាននិងកំពុងដាំដើមត្នោតនៅតាមបន្ទាត់ព្រំដែនប្រមាណ ៣០ម៉ឺនដើម ហើយនឹងបន្តដាំរាប់លានដើមទៀតនៅតាមព្រំដែនខ្មែររបស់យើង ។ ជាមួយគ្នានេះយើងក៏នឹងពង្រីកកម្របព្រៃឈើអោយបាន៦០% នៅឆ្នាំ២០៥០ ដែលវានឹងផ្តល់គម្របបៃតង ផ្តល់ខ្សល់អាកាសបរិសុទ្ធឱ្យមនុស្សលោក ។ បន្ថែមពីនេះយើងក៏ទទួលបានថវិកាពីគម្រប់បៃតងនេះផងដែរ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ