កម្មវិធីថ្នាលគុនខ្មែររៀបចំដោយសហព័ន្ធគុនខ្មែរផ្តល់ឱកាសដល់ការផលិតធនធានថ្នាលទូទាំងប្រទេស
ភ្នំពេញ៖ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គូសបញ្ជាក់ ក្នុងសន្និសីទសារព័ត៌មានថា ការប្រកួតកម្មវិធីថ្នាលគុនខ្មែរ ដែលរៀបចំដោយសហព័ន្ធ ក្រោមកិច្ចសហការពីប៊ូស្រ្តង គឺជាការបើកទំព័រសករាជថ្មីមួយ នៅកីឡដ្ឋានស្តាតចាស់ ដើម្បីបន្តគោលដៅ ផលិតធនធានថ្នាលទូទាំងប្រទេស ដែលជាធនធានកីឡាករបន្តវេន។
ឯកឧត្តម ខូវ ឆាយ បន្ថែមថា តាមរយៈព្រឹត្តិការណ៍ប៊ូស្ត្រងថ្នាលគុនខ្មែរនេះ ក៏ដូចជាការប្រកួតថ្នាលគុនខ្មែរផ្សេងៗទៀត នាពេលខាងមុខ នឹងផ្តល់ឱកាសដល់យុវជនថ្នាលនៅតាមក្លឹបប្រដាល់គុនខ្មែរទូទាំងប្រទេសបានចូលរួមបញ្ចេញសមត្ថភាព ដកពិសោធន៍ ក្នុងការបង្កើនគុណផលបច្ចេកទេសឱ្យកាន់តែប្រសើរ ដើម្បីឈានទៅចូលរួមប្រកួតធំៗ ទាំងក្នុងស្រុក និងក្រៅស្រុក នាថ្ងៃអនាគត។
ឯកឧត្តម ខូវ ឆាយ នេះជាបានគូសបញ្ជាក់ទៀតថា ទិសដៅនៃផែនការមេ នៃយុទ្ធសាស្ត្ររបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺមានគោលដៅបង្កើន និងផលិតបន្ថែមធនធានកីឡាករ កីឡាការិនីវ័យក្មេង ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារប្រកួតទាំងក្នុងស្រុក និងក្រៅស្រុក ខណៈវិស័យកីឡាប្រដាល់គុនខ្មែរកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់។ កម្មវិធីប្រកួតនៅក្នុងស្រុក ក្នុង១សប្តាហ៍ មាន១៨កម្មវិធី ដោយបង្ហាញពីការគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋខ្មែរ ដែលធ្វើឱ្យក្រុមហ៊ុនដៃគូអភិឌ្ឍងាកមកគាំទ្របង្កើតកម្មវិធីប្រកួតប្រភេទកីឡាអត្តសញ្ញាណជាតិមួយនេះកាន់តែខ្លាំងក្លាយ។
សូមបញ្ជាក់ថា ការប្រកួត ប៊ូស្រ្តងថ្នាលគុនខ្មែរ នឹងត្រូវប្រកួត នាយប់ថ្ងៃទី១៤ សីហានេះ នៅសាលកីឡាសម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ឬស្តាតចាស់ ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ






