ឯកឧត្តម ខូវ ឆាយ ស្នើឱ្យមហាជនស្វែងយល់ពីនិតិវិធីដាក់ពិន្ទុឱ្យបានច្បាស់លាស់មុនវាយប្រហាលើវិជ្ជាជីវៈចៅក្រមអាជ្ញាកណ្តាល
ភ្នំពេញ៖ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានស្នើរឱ្យមហាជនដែលជាអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរស្វែងយល់ឱ្យបានស៊ីជម្រៅលើនិតិវិធីដាក់ពិន្ទុរបស់មន្រ្តីអាជ្ញាកណ្តាលចៅក្រម មុននិងវាយប្រហារទៅលើវិជ្ជាជីវៈរបស់ពួកគាត់ ។
ការថ្លែងបញ្ជាក់ បែបនេះ របស់ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងសន្និសីទ សារព័ត៌មានប្រកាសដាក់ចេញផ្សព្វផ្សាយនៅសៀវភៅបទបញ្ជាការប្រកួតថ្មី និងបកស្រាយអំពីលទ្ធផលការប្រកួតរបស់កីឡាករព្រុំ សំណាង និង កីឡាករប្រេស៊ីល លូកាស ក្នុងការប្រកួតដណ្តើមខ្សែក្រវ៉ាត់មាស ដែលធ្វើឱ្យទស្សនិកជនមានការទិកទៀនចំពោះលទ្ធផលនៃការប្រកួត ។
ឯកឧត្តម ខូវ ឆាយ បានគូសបញ្ជាក់ថា ការប្រកួតដែលមានលក្ខណៈចំរ៉ុងចំរាស់លទ្ធផល ទោះបីមិនមានការដាក់ពាក្យបណ្តឹង ក៏សហព័ន្ធនិងលើកយកមកត្រួតពិនិត្យ ដើម្បីស្វែងរកភាពពិតនៅក្នុងការវាយតម្លៃលើការដាក់ពិន្ទុរបស់មន្រ្តីដឹកនាំការប្រកួត ដើម្បីស្វែងរកយុត្តិធម៌ជូនកីឡាករ ក៏ដើម្បីលាងភាពស្អាត់ស្អំជូនមន្រ្តីរបស់សហព័ន្ធ ពិសេស គឺ វែកញែកឱ្យដល់សាធារណៈជនបានយល់អំពីនិតិវិធីដាក់ពិន្ទុរបស់ចៅក្រមផងដែរ។
ឯកឧត្តម ប្រធានសហព័ន្ធ បានពន្យល់ថា សម្រាប់ការដាក់ពិន្ទុក និងការកាត់សេចក្តីរបស់ចៅក្រមអាជ្ញាកណ្តាល ក្នុងការប្រកួតរបស់កីឡាករ ព្រុំ សំណាង និងកីឡាករ លូកាស គឺអនុវត្តទៅតាមច្បាប់កត្តិយុទ្ធត្រឹមត្រូវដែលបានចងក្រងយ៉ាងច្បាស់លាស់ ដោយមានការទទួលស្គាល់ពីគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធតាមរយៈកិច្ចប្រជុំសម្រេចចំនួន៣ដងដែរ។
ជាមួយគ្នានេះសៀវភៅបទបញ្ជាការប្រកួតនេះក៏បានដាក់បញ្ចូលទៅក្នុងកម្មវិធីបណ្តុះបណ្តាលចៅក្រមអាជ្ញាកណ្តាល ជាការបញ្រ្ជាបចំណេះដឹងឱ្យមន្រ្តីយើងទាំងអស់បានយល់ និងដឹងកាន់តែច្បាស់អំច្បាប់កត្តិយុទ្ធដែលបានចងក្រងយ៉ាងច្បាស់លាស់ ។ ដូច្នោះហើយសូមឱ្យអ្នកគាំទ្រទាំងអស់ស្វែងយល់ឱ្យបានច្បាស់លាស់ថា សម្រាប់មន្រ្តីយើងទាំងអស់យើងមានបទបញ្ជាការប្រកួតយើងត្រឹមត្រូវដែលប្រើប្រាស់ដើម្បីរៀបចំការប្រកួត មិនមែនយើងវិនិច្ឆ័យការប្រកួតដោយប្រើប្រាស់អារម្មណ៍គ្មានចំនេះជំនាញច្បាស់លាស់នោះទេ ។
ឯកឧត្តម ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ អះអាងថា ការបកស្រាយតាមរយៈសន្និសីទសារព័ត៌មាននាពេលនេះ គឺជាការបង្ហាញដល់មហាជនទាំងអស់ឱ្យបានយល់ទាំងអស់គ្នា ដើម្បីទទួលយកនូវលទ្ធផល ដែលគណៈកម្មកាយើងបានសម្រេច ព្រោះការសម្រេចរបស់មន្រ្តី យើងគឺឈរទៅលើស្មារតីកីឡា ឈរទៅលើការអនុវត្តការងារដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត មិនដូចទៅនិងការចោទរបស់មហាជនថា ពុករលួយ បេក្ខពួកនិយម ជាតិនិយមគឺគ្មានឡើយ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ