ព្រះមហាក្សត្រកម្ពុជា យាងចាកចេញពីរាជធានីភ្នំពេញ ដើម្បីបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចាកចេញពីរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឆ្ពោះទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ទីដែលព្រះអង្គ បំពេញព្រះរាជទស្សនកិច្ច ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ តទៅ ។
យោងតាមព្រះរាជសារ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលជូនជនរួមជាតិថា ព្រះអង្គ នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះតទៅ ។
នៅក្នុងព្រះរាជសារនោះ ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង មិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការយាងត្រឡប់មកវិញនោះទេ។
ក្នុងកំឡុងពេលនៃការយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិននេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានសព្វព្រះរាជហឫទ័យ ប្រោសប្រទាននូវព្រះរាជកិច្ចទាំងឡាយជូនទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បំពេញថ្វាយព្រះអង្គ ៕
ដោយ ៖ វណ្ណលុក











