រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖កម្ពុជានឹងធ្វើជាជំហានៗដើម្បីភាពស្អាត និងជាពិសេសគ្មាន​ថង់ប្លាស្ទិកហើរតាមដងផ្លូវនៅឆ្នាំ២០២៥

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួង បរិស្ថាន តាមរយៈយុទ្ធសាស្ត្រចក្រាសម្រាប់វិស័យបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលសំដៅដល់ការទប់ស្កាត់ការប្រើប្រាស់ ថង់ប្លាស្ទិក ។ ជាលទ្ធផល រហូតមកដល់ពេលនេះ មានការចូលរួមយ៉ាងផុលផុសពីសិស្សានុសិស្ស ទូទាំងប្រទេស រួមទាំងកម្មករ កម្មការិនី និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រមទាំងព្រះសង្ឃ បានចូលរួមប្ដេជ្ញាចិត្តមិនប្រើថង់ប្លាស្ទិក សរុបប្រមាណ ៩,២លានអង្គ/នាក់។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថាបន្ទាប់ពីបានទទួលបានជោគជ័យ ពីយុទ្ធនាការប្ដេជ្ញាចិត្ត ហើយ ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការអនុវត្ត នោះគឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ នេះគឺជាយុទ្ធនាការអនុវត្តរួមគ្នារើសសំរាម ប្លាស្ទិក សម្អាតតាមដងវីថិ តាមទីសាធារណៈ ជុំវិញបរិវេណផ្ទះ រោងចក្រសហគ្រាស សាលារៀន និងនៅតាម​ទីអារាមផងដែរ។ ជាថ្មីម្ដងទៀត យុទ្ធនាការនេះ កំពុងទទួលបានជោគ ជ័យគួរជាទី​មោទនៈ ដោយបានទទួលការគាំទ្រ និងចូលរួមពីសំណាក់អាជ្ញាធរដែនដី បងប្អូន​ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចូលរួមយ៉ាងផុសផុលជាបណ្តើរៗនៅទូទាំងប្រទេស។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា យុទ្ធនាការ ដែលក្រសួងដាក់​ចុះខាងលើ គឺចាប់ផ្ដើមឡើងជាមួយសិស្សានុសិស្ស កម្មករ និងកម្មការិនី ដើម្បីបណ្ដុះ​ពន្លក​នៃភាពស្អាតក្នុងផ្នត់គំនិតរបស់ពួកគាត់ ដើម្បីភាពស្អាត ដែលនឹងទទួវលបាន គឺសម្រាប់រយៈពេលវែង។ នាពេលខ្លីខាងមុខនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហាញសុទិដ្ឋិនិយមថា ការដាក់ចេញនូវយុទ្ធនាការជាជំហានៗរបស់ក្រសួងបរិស្ថាន នឹងនាំឱ្យប្រទេសកម្ពុជា យើងទទួលបានភាពស្អាត ជាពិសេសថង់ប្លាស្ទិក លែងមានហើរតាមដងផ្លូវនៅឆ្នាំ២០២៥។

គួរបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀល ថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខ​ទុក្ខ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ ដោយមានការអញ្ជើញ​ចូលរួមពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល​រាជធានីភ្នំពេញ រួមជាមួយ​ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ ជាច្រើននាក់។

ពិធីនេះប្រព្រឹត្តទៅក្នុងគោលបំណងពិនិត្យស្ថានភាព និងវឌ្ឍនភាពវិស័យបរិស្ថាន ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់​ក្រសួងបរិស្ថានឱ្យរៀបចំឡើង នូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមានសសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner