អាមេរិកបញ្ជូននាវាបំពាក់មីស៊ីល និងយន្តហោះចម្បាំង ទៅមជ្ឈិមបូព៌ា
វ៉ាស៊ីនតោន: មន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទូរទស្សន៍ CNN នៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកកំពុងបញ្ជូនកងទ័ព និងសម្ភារៈយោធាបន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា។ ក្នុងនោះរួមបញ្ចូលទាំងនាវាមុជទឹកបំពាក់មីស៊ីលគ្រូស និងកងយន្តហោះចម្បាំង F-35C។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានអះអាងថា សព្វាវុធទាំងនេះគឺសម្រាប់ការអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីការសន្ទនាគ្នាតាមទូរស័ព្ទរវាងលោក Austin និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន។ ហើយក៏កើតឡើងស្របពេលដែលអ៊ីរ៉ង់បានប្តេជ្ញាសងសឹកអ៊ីស្រាអែល បន្ទាប់ពីការសម្លាប់អតីតប្រធាននយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh ក្នុងទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី៣១ ខែកក្កដា។
ទោះបីជាយ៉ាងណា អ៊ីរ៉ង់នៅមិនទាន់ចាត់វិធានការឆ្លើយតបជាលក្ខណៈយោធាចំពោះទង្វើនេះទេ ដោយទុកឲ្យសត្រូវរបស់ខ្លួនគឺអ៊ីស្រាអែល និងតំបន់មជ្ឈិមបូព៌ាទាំងមូលកាន់តែមានភាពស្រពិចស្រពិល។
ក្រុមហាម៉ាសបានជ្រើសរើសលោក Yahya Sinwar ជាមេដឹកនាំនយោបាយថ្មីរបស់ខ្លួន។ លោក Sinwar ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ ត្រូវបានគេមើលឃើញថា មិនសូវមានឆន្ទៈក្នុងការសម្រុះសម្រួលលើកិច្ចព្រមព្រៀងបទឈប់បាញ់ទេ៕
ប្រភព៖ CNBC ប្រែសម្រួលដោយ៖ ឈឹម ទីណា