រកឃើញអាងស្តុកទឹកក្រោមដីនៅភពអង្គារ អាចបំពេញមហាសមុទ្រលើផ្ទៃផែនដី

 
វ៉ាស៊ីនតោន: ទិន្នន័យពីបេសកកម្មអង្គការ NASA បានបង្ហាញភស្តុតាងនៃវត្តមានអាងស្តុកទឹកដែលមានជម្រៅជ្រៅនៅក្រោមដីនៃភពអង្គារ។ នេះបើយោងតាមការស្រាវជ្រាវថ្មីមួយ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNNនៅថ្ងៃទី ១៣ខែសីហា។
 
ក្រុមអ្នកវិទ្យាសាស្ត្របានប៉ាន់ប្រមាណថា ប្រហែលជាមានទឹកយ៉ាងច្រើននៅក្នុងស្នាមប្រេះ និងរន្ធតូចៗនៃផ្ទាំងថ្ម ដែលស្ថិតនៅចំនុចកណ្តាលនៃសំបកភពអង្គារ។ ក្រុមអ្នកវិទ្យាសាស្ត្រឲ្យដឹងទៀតថា បរិមាណទឹកនេះគ្រប់គ្រាន់សម្រាប់ការបំពេញមហាសមុទ្រនៅភពផែនដីរបស់យើងបាន។
 
 
ការសិក្សាថ្មីនេះដែរ បានរកឃើញទៀតថា ទឹកនៅក្រោមដីទំនងជាគ្របដណ្តប់លើភពព្រះអង្គារទាំងមូល នៅក្នុងជម្រៅ ១.៦គីឡូម៉ែត្រ។ ទិន្នន័យនេះប្រមូលបានមកពីយានអវកាស InSight Lander របស់អង្គការ NASA ដែលប្រើប្រាស់ឧបករណ៍វាស់ស្ទង់ជម្រៅដី ដើម្បីសិក្សាផ្នែកខាងក្នុងនៃភពអង្គារក្នុងចន្លោះឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២។
 
អ្នកវិទ្យាសាស្ត្រលើកឡើងថា ភពអង្គារឬភពក្រហមទំនងជាកន្លែងដែលមានកម្តៅសមល្មម និងមានសំណើម តាំងពី រាប់ពាន់លានឆ្នាំមុន ដោយផ្អែកលើភស្តុតាងនៃវត្តមានបឹងបុរាណ ច្រកទន្លេ ដីសណ្ត និងថ្មដែលបានផ្លាស់ប្តូរទ្រង់ទ្រាយដោយកម្លាំងទឹក។ ប៉ុន្តែភពក្រហមនេះបានបាត់បង់ភាពសំណើម ជាង 3 ពាន់លានឆ្នាំមុន ហើយអ្នកវិទ្យាសាស្ត្រយល់ថា ដោយសារការបាត់បង់ជាតិទឹក។
 
ការរកឃើញថ្មីនៅពេលនេះ បង្ហាញថា ទឹកបានច្រោះចូលទៅក្នុងសំបកភពអង្គារ ហើយបានផ្តល់តំរុញថ្មី នៅក្នុងដំណើរឆ្ពោះទៅរកលទ្ធភាពនៃការតាំងទីលំនៅរបស់មនុស្សនៅលើភពក្រហមមួយនេះ ប្រសិនបើប្រភពទឹកនៅទីនោះអាចប្រើប្រាស់បាន៕
 
ប្រភព៖ CNN ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner