Putin ប្រាប់មេប៉ាឡេស្ទីនថា បារម្ភខ្លាំង ពីតំបន់Gaza
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំអាជ្ញាធរប៉ាឡេស្ទីន កាលពីថ្ងៃអង្គារថា រុស្ស៊ី «ព្រួយបារម្ភខ្លាំង» ចំពោះស្ថានការណ៍ នៅតំបន់ហ្គាហ្សា។
លោក ពូទីន បានថ្លែងថា រុស្ស៊ីកំពុងមើលព្រឹត្តិការណ៍នានានៅហ្គាហ្សា «ដោយការឈឺចាប់ និងការព្រួយបារម្ភខ្លាំង»។ ជាការថ្លែង នៅពេលដែលលោកបានទទួលជួបមេដឹកនាំ អាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាមូត អាបាស់ (Mahmud Abbas) ក្នុងទីក្រុងមូស្គូ។ មេធំប៉ាឡេស្ទីនរូបនេះ បានបំពេញទស្សនកិច្ច នៅទស្សនកិច្ចផ្លូវការ នៅប្រទេសរុស្ស៊ី។
លោក ពូទីន និយាយថា «រដ្ឋប៉ាឡេស្ទីនពេញលេញ» គឺចាំបាច់ ដើម្បីបង្កើតឲ្យសន្តិភាព ស្ថិរភាព នៅក្នុងតំបន់»ហើយថា «ទីក្រុងម៉ូស្គូកំពុងធ្វើអ្វីគ្រប់យ៉ាង ដើម្បីគាំទ្រប្រជាជន ប៉ាឡេស្ទីន»។
លោក អាបាស់ បានប្រាប់ លោក ពូទីន វិញថា «យើងមានអារម្មណ៍ថា រុស្ស៊ីគឺជាមិត្តជាទីស្រឡាញ់បំផុត របស់ប្រជាជនប៉ាឡេស្ទីន»។
យោងតាមទីភ្នាក់ងារការពារជនស៊ីវិល Gaza បានឱ្យដឹងថា មេដឹកនាំទាំងពីរ បានជួបពិភាក្សាគ្នា បន្ទាប់ពីការវាយប្រហារ កាលពីចុងសប្តាហ៍ លើអគារសិក្សា នៅហ្គាហ្សា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៩៣នាក់ បានស្លាប់ក្នុងនោះ មានកុមារ ១១នាក់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត