ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ និង Marriott International ប្រកាសពីការនាំយកយីហោសណ្ឋាគារ & រេស៊ីដេនលំដាប់ផ្កាយ6 The Ritz-Carlton ចូលមកប្រទេសកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ដែលជាក្រុមហ៊ុនអាជីវកម្មចម្រុះឈានមុខគេនៅកម្ពុជាមានសេចក្តីរំភើបរីករាយក្នុងការប្រកាសពីការចុះហត្ថលេខាកិច្ចព្រមព្រៀងភាពជាដៃគូដ៏សំខាន់ជាមួយ Marriott International ដើម្បីនាំយកម៉ាកយីហោ The Ritz-Carlton មកកាន់រាជធានីភ្នំពេញ។ នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលម៉ាកយីហោ ប្រណីតល្បីល្បាញលំដាប់ថ្នាក់ពិភពលោក The Ritz-Carlton ឈានជើងចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។ ម៉ាកយីហោសណ្ឋាគារ & រេស៊ីដេន The Ritz- Carlton ទាំងពីរនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីលើកកម្ពស់ស្តង់ដានៃប្រណីតភាព និងភាពល្អឥតខ្ចោះនៅក្នុងប្រទេសកម្ពុជា។


ឧកញ៉ា គិត ស៊ូឡា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ មានមោទនភាពក្នុងការប្រកាសពីកិច្ចព្រមព្រៀងថ្មីនេះ។ ឧកញ៉ា គិត ស៊ូឡា បានមានប្រសាសន៍ថា៖ “នេះគឺជាលទ្ឋផលការងារយ៉ាងសកម្មរយៈពេល 6 ខែ ដើម្បីកំណត់ទីតាំងយុទ្ឋសាស្ត្រនៃការអភិវឌ្ឍរបស់យើង។ ការជ្រើសរើសដៃគូជាមួយ The Ritz-Carlton បានឆ្លុះបញ្ចាំងពីមហិច្ឆតាលើឧត្តមភាព និងស្របតាមចក្ខុវិស័យនៃការផ្លាស់ប្តូរតាមរយៈការបង្កើតស្នាដៃថ្មីៗ។ កិច្ចព្រមព្រៀងនេះគឺជាព្រឹត្តិការណ៍ដំបូងដ៏សំខាន់នៃសករាជថ្មីលើវិស័យបដិសណ្ឋារកិច្ចកម្ពុជា!”។
ស្ថិតនៅចំបេះដូងនៃរាជធានី សណ្ឋាគារ Ritz-Carlton Phnom Penh នឹងផ្តល់នូវទស្សនីយភាពជាមួយទេសភាពនៃអគារដ៍ល្បីក្នុងទីក្រុងភ្នំពេញ រួមមានព្រះបរមរាជវាំង និងទន្លេមេគង្គដ៏ធំ និងមានភាពស្រស់ស្អាត។ ការអភិវឌ្ឍដ៏មានកិត្យានុភាពនេះបានត្រៀមខ្លួនក្លាយជាទីតាំងកំណត់ថ្មីមួយសម្រាប់បដិសណ្ឋារកិច្ចដ៏ប្រណិតនៅកម្ពុជានិងក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។


អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានសោមនស្សក្រៃលែងចំពោះការចុះកិច្ចព្រមព្រៀងដ៍សំខាន់នេះ ដោយមានប្រសាសន៍ថា ៖ “យើងមានក្ដីរីករាយយ៉ាងខ្លាំងក្នុងការប្រកាសអំពីការបើកដំណើរការ The Ritz-Carlton Phnom_Penh ដែលជាគម្រោងអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យដែលតំណាងឱ្យចក្ខុវិស័យ របស់យើងក្នុងការស្វែងរកឱកាសថ្មីៗ និងបង្កើនស្តង់ដាក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក។ ការអភិវឌ្ឍដ៏ល្អឥតខ្ចោះនេះមិនត្រឹមតែលើកស្ទួយវិស័យបដិសណ្ឋារកិច្ចនិងអចលនទ្រព្យនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវបទពិសោធន៍ដ៏ប្រណីតមិនគួរឱ្យជឿដល់អតិថិជនផងដែរ។ យើងប្តេជ្ញាក្នុងការផ្តល់នូវភាពល្អឥតខ្ចោះលើគ្រប់វិស័យ ដោយធានាថា The Ritz-Carlton Phnom Penh នឹងក្លាយជានិមិត្តសញ្ញាដ៏មានភាពលេចធ្លោនៅក្នុងតំបន់។”
កិច្ចព្រមព្រៀងនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្នុងការគាំទ្រនូវចក្ខុវិស័យសេដ្ឋកិច្ច និងវិស័យទេសចរណ៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រីបានធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាចំណុចសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ។
គម្រោងអចលនទ្រព្យថ្មីនេះបានចាប់ផ្ដើមការសាងសង់ហើយ ដែលនឹងដើរតួនាទីក្នុងការធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាក្លាយជាទិសដៅមួយយ៉ាងសំខាន់សម្រាប់អ្នកធ្វើដំណើរបែបស៊ីវិល័យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងជួយលើកកម្ពស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ និងលើកស្ទួយទីក្រុងភ្នំពេញឱ្យក្លាយជា “ទីក្រុងគុជនៃអាស៊ី”។


ជាងនេះទៅទៀត ការអនុវត្តគម្រោងនេះគឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍទីក្រុង ការធ្វើឱ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន និងការធានាស្ថេរភាពសង្គម តាមរយៈការវិនិយោគទុនដ៏សំខាន់ និងការបង្កើតការងារថ្មី។
The Ritz-Carlton Phnom Penh សន្យាថានឹងផ្តល់នូវបទពិសោធន៍ស៊ីវិល័យបំផុតដោយរចនាយ៉ាងរស់រវើក ដើម្បីបម្រើអារម្មណ៍អតិថិជន។ ការអភិវឌ្ឍដ៏អស្ចារ្យនេះនឹងបង្ហាញពីប្រណីតភាពគ្រប់ជ្រុងជ្រោយ ចាប់ពីសេវាកម្មដែលស្របតាមតម្រូវការរហូតដល់បទពិសោធន៍ដែលប្លែកមិនធ្លាប់មានរបស់អតិថិជន ស្ថិតនៅលើមហាវិថីដ៏មានកិត្យានុភាពបំផុតនៅក្នុងទីក្រុងភ្នំពេញ ភោជនីយដ្ឋានលំដាប់កំពូលចំនួនប្រាំ នឹងផ្តល់ជូននូវកន្លែងទទួលទានអាហាររួមជាមួយស្ថាបត្យកម្មដ៏អស្ចារ្យដែលមានភាពទាក់ទាញ និងបរិក្ខារទំនើបឈានមុខគេលើសពីការរំពឹងទុក។


ការអភិវឌ្ឍអចលនទ្រព្យនេះគឺស្ថិតនៅលើមហាវិថីព្រះនរោត្ដម និងជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍អចលនទ្រព្យបែបពហុអគារដែលមានសណ្ឋាគារ លំនៅឋាន និងការិយាល័យ។ ទាំងនេះនឹងក្លាយជាបទពិសោធថ្មីស្រឡាងនៅលើវេហានៃទីក្រុងភ្នំពេញ។ នៅពីក្រោយភាពជាដៃគូអន្តរជាតិនេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្ដរជាតិ មានគោលដៅក្នុងការស្ដារឡើងវិញនូវគុណភាពនៃស្តង់ដានៅក្នុងវិស័យអចលនទ្រព្យ និងពង្រឹងទំនុកចិត្តរបស់វិនិយោគិនអន្តរជាតិផងដែរ ៕ ដោយ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner