អភិបាលខេត្តកំពង់ធំត្រួតពិនិត្យកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ប្រធាន​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំកាលពីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានចុះពិនិត្យកង កម្លាំងអន្តរា​គមន៍​នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង​ប្រគល់​ភារកិច្ចចាំបាច់មួយចំនួន ។

រាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបញ្ជាក់ថា កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រៀមខ្លួនរួចជាស្រេចរួមជាមួយសម្ភារៈគ្រឿង បំពាក់​គ្រប់គ្រាន់ និងមធ្យោបាយនានា ដើម្បីការពាររាជរដ្ឋា​ភិបាល​ស្រប​ច្បាប់ និងកម្ចាត់ចោលជនទាំង ឡាយណា ដែល​មានបំណង​បំផ្លាញសន្តិភាព និងការអភិវឌ្ឍរបស់ប្រជាជន​កម្ពុជា ។

លោកបន្តថា យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង​កំពង់ធំទាំងអស់ប្តេជ្ញាចិត្តដាច់ខាតក្នុងការគោរពតាមបទបញ្ជា របស់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជាផ្ទាល់របស់ឯកឧត្តមអភិបាលខេត្ត ។

ឯកឧត្តម នួន ផារ័ត្ន កោតសរសើរចំពោះកងកម្លាំងទាំងអស់​និង​បានពន្យល់បន្ថែមអំពីសារសំខាន់នៃ​តំបន់ត្រីកោណអភិវឌ្ឍន៍ ដែលជាការអភិវឌ្ឍរបស់ប្រទេសនីមួយៗរៀងៗខ្លួននិងជាកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទប់ស្កាត់បទ​ល្មើស​គ្រឿងញៀន ។ល។
ដោយ៖ ប៊ុន រដ្ឋា

ads banner