អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សមត្ថកិច្ចមានកាតព្វកិច្ចការ​ពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ហើយការប្តូរអំណាចដឹកនាំត្រូវតែធ្វើតាមរយៈការបោះឆ្នោតតែមួយគត់

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំ​ពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការអនុវត្តច្បាប់ទៅលើជនដែលមាន​បំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះ គឺជាកាតព្វកិច្ចចាំបាច់​របស់សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ នេះពុំមែនជារឿងចម្លែក​សម្រាប់កម្ពុជានោះទេ ព្រោះប្រទេសប្រជាធិបតេយ្យការប្តូរអំណាចដឹកនាំ​ត្រូវតែធ្វើតាមរយៈការបោះឆ្នោតតែមួយគត់។ សកម្មភាពចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នោះ គឺជាអំពើឧបឃាត និងអំពើរួមគំនិតក្បត់ សម្រាប់ច្បាប់កម្ពុជា ។ ការបញ្ជាក់នេះ តាមរយៈបណ្តាញតេឡេក្រាម នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានចោទសួរថា ១.តើអ្វីទៅជាអំពើឧបឃាត? តើអំពើនេះប្រឈមនឹងការផ្តន្ទាទោសបែបណា? ឧបឃាត គឺជាការប្រព្រឹត្ដអំពើហិង្សាមួយ ឬច្រើន ក្នុងគោលបំណងបង្កឱ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា ឬនាំឱ្យមានការប៉ះពាល់ដល់បូរណភាពនៃដែនដីជាតិ។ អំពើខាងលើ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ និងផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតកាល បើអំពើនេះត្រូវបានប្រព្រឹត្ដដោយអ្នករាជការសាធារណៈ។ (មាត្រា ៤៥១ និង៤៥២ នៃក្រមព្រហ្មទណ្ឌ)

២.តើអ្វីទៅជាអំពើរួមគំនិតក្បត់? តើអំពើនេះប្រឈមនឹងការផ្តន្ទាទោសបែបណា? អំពើរួមគំនិតក្បត់ គឺជាគម្រោងដែលបង្កើតឡើងដោយមនុស្សច្រើននាក់ដើម្បីប្រព្រឹត្ដឧបឃាត កាលបើគម្រោងនេះ ត្រូវបានសម្ដែងចេញជារូបរាងច្បាស់លាស់ ដោយអំពើជាក់ស្ដែងមួយ ឬច្រើន។ អំពើខាងលើនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ ប្រសិនបើអំពើនេះ ត្រូវបានប្រព្រឹត្ដដោយអ្នករាជការសាធារណៈ។ (មាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ)

៣.តើអ្នកដែលកំពុងជ្រុលខ្លួនចាញ់ការឃោសនាចូលរួមជាមួយក្រុមជ្រុលនិយម គេអាចរួចផុតពីទោសនេះបានដោយវិធីណា? អ្នកអាចរួចផុតពីទោសនេះបាន តាមវិធីដកខ្លួនចេញ ចូលសារភាពជាមួយសមត្ថកិច្ច! បុគ្គលណាដែលបានចូលរួមក្នុងអំពើរួមគំនិតក្បត់ ត្រូវលើកលែងឱ្យរួចផុតពីការទទួលទោស ប្រសិនបើមុនការចោទប្រកាន់ បុគ្គលនោះបានបង្ហាញប្រាប់ដល់អាជ្ញាធរមានសមត្ថកិច្ច ពីអត្ថិភាពនៃអំពើនេះ ហើយបាននាំឱ្យស្គាល់អត្ដសញ្ញាណនៃ អ្នកចូលរួមដទៃទៀត។ (មាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ)
ដោយ៖ពលជ័យ

ads banner